SEA Games បាល់ទាត់បុរស៖ វៀតណាម ចូលមករួមប្រអប់ជាមួយ កម្ពុជា មុនការចាប់ឆ្នោតបែងចែកពូល

មាស សុផាណារ៉ុង April 18, 2019


 

ហ្វីលីពីន៖ បើទោះបីជាទទួលបានជោគជ័យថ្មីៗនេះក៏ដោយក៏ពិតមែន ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ ត្រូវបានដាក់ចំណាត់ថ្នាក់ជាក្រុមដែលមានកម្រិតទាបបំផុតសម្រាប់ការចាប់ឆ្នោតបែងចែកពូល ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ប្រភេទកីឡាបាល់ទាត់ (បុរស) នៅហ្វីលីពីន ចុងឆ្នាំនេះ។

ថ្មីៗនេះម្ចាស់ផ្ទះ ហ្វីលីពីន បានប្រកាសពីការចែកប្រអប់សម្រាប់ធ្វើការចាប់ឆ្នោតបែងចែកពូល ដោយផ្អែកលើលទ្ធផលចុងក្រោយរបស់ក្រុមទាំងអស់ ក្នុងព្រឹត្តិការណ៍ចុងក្រោយ ឆ្នាំ២០១៧ កន្លងទៅនៅប្រទេសម៉ាឡេស៊ី ខណៈដែលកម្ពុជា ត្រូវស្ថិតនៅប្រអប់ទី៤ ជាមួយក្រុមខ្លាំងវៀតណាម , ឡាវ , ព្រុយណេ និងទីម័រខាងកើត។

ប្រអប់ត្រូវបានបែងចែកជា៤ ក្នុងនោះ៖

  • ប្រអប់ទី១ គឺសម្រាប់ក្រុមម្ចាស់ផ្ទះ ហ្វីលីពីន ជាមួយក្រុមការពារតំណែងជើងឯក ថៃ
  • ប្រអប់ទី២ គឺសម្រាប់ក្រុមលេខ២ ម៉ាឡេស៊ី និងលេខ៣ ឥណ្ឌូនេស៊ី
  • ប្រអប់ទី៣ គឺសម្រាប់ក្រុមលេខ៤ មីយ៉ាន់ម៉ា និងក្រុមបន្តបន្ទាប់ សិង្ហបុរី
  • ប្រអប់ទី៤ រួមមាន វៀតណាម , ឡាវ , កម្ពុជា , ព្រុយណេ និងទីម័រខាងកើត

ការចាប់ឆ្នោតនឹងត្រូវបែងចែកចេញជា ២ពូល ក្នុងមួយពូលមាន៥ក្រុម និងមួយពូលទៀតមាន ៦ក្រុម ប៉ុន្តែចំពោះកាលបរិច្ឆេទនៃការចាប់ឆ្នោតបែងចែកពូលនៅមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយ។ ខណៈក្រុមដែលនៅប្រអប់ជាមួយគ្នាអាចនឹងមិនត្រូវស្ថិតនៅពូលជាមួយគ្នានោះទេ។

យ៉ាងណាមិញ ប្រភេទកីឡាបាល់ទាត់បុរស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ដែលធ្វើនៅប្រទេសហ្វីលីពីន នេះនឹងអនុញ្ញាតិឲ្យមានកីឡាករ ២នាក់ ដែលមានវ័យលើសអាយុ ២២ឆ្នាំអាចចូលរួមប្រកួតបាន នេះបើយោងតាមការបង្ហាញឲ្យដឹងដោយសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

សម្រាប់ការប្រកួតលើកទី៣០ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹង៥២៣ វិញ្ញាសាប្រកួត លើប្រភេទកីឡាចំនួន ៥៦។

ក្នុងព្រឹត្តិការណ៍ដដែលនេះ សម្រាប់ប្រភេទកីឡាបាល់ទាត់របស់បុរស នឹងធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុង Manila ខណៈកីឡដ្ឋាន Binan Football Stadium ក្នុងទីក្រុង Binan និង Laguna គឺសម្រាប់ប្រភេទកីឡាបាល់ទាត់ស្រ្តី៕

 

ប្រភព៖ e.vnexpress.net

រូបភាព៖ ESPN

អត្ថបទ៖ ណារ៉ុង

មតិយោបល់