វឌ្ឍនាកា ត្រូវបានគ្រូដាក់ឲ្យសម្រាកលើកដំបូង ចំពេល PKNS ឈ្នះក្រុមខ្លាំងប្រចាំប្រទេស Johor ម្សិលមិញ

មាស សុផាណារ៉ុង April 18, 2019


 

ម៉ាឡេស៊ី៖ PKNS ដែលជាក្លឹប ចាន់ វឌ្ឍនាកា ប្រកបអាជីពជាមួយ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានកម្រិតទី២ ប្រចាំប្រទេសម៉ាឡេស៊ី ( Malaysia FA Cup ) ក្រោយឈ្នះក្រុមខ្លាំងប្រចាំប្រទេស Johor Darul Tazim ០ទល់១ កាលពីយប់ថ្ងៃពុធ ទី១៧ ខែមេសា ម្សិលមិញ។

ចាន់ វឌ្ឍនាកា ដែលបង្ហាញខ្លួនពេញ ៩០នាទីកាលពីប្រកួតដំបូង និងរកគ្រាប់បាល់បាន១គ្រាប់ជួយឲ្យ PKNS ឈ្នះ Melaka ៣ទល់២ ក្នុងវគ្គ៣២ក្រុមចុងក្រោយនៃពានដដែលនេះ ពុំត្រូវបានគ្រូបង្វឹកដាក់ឲ្យចូលលេងក្នុងការប្រកួតនេះឡើយ ដោយគ្រូបង្វឹក លោក K. Rajagobal អនុញ្ញាតិឲ្យសម្រាក ជាមួយនឹងដៃគូសំខាន់កីឡាករ Gabriel Guerra។

ពីការប្រកួតរវាង PKNS ជាមួយ Johor Darul Tazim  វិញកីឡាករ Kpah Sherman បានក្លាយជាវីរៈបុរសជួយក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយរកគ្រាប់បាល់បានតែ ១គ្រាប់គត់ នៅនាទី៤៩។

ដោយឡែក Terengganu របស់ ធារី ចន្ថាប៊ីន ក៏បានកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដូចគ្នាផងដែរ បន្ទាប់ពីបានយកឈ្នះ Kelantan ១ទល់៣។ នៅក្នុងការប្រកួតនេះ ធារី ចន្ថាប៊ីន ក៏មិនបានបង្ហាញខ្លួនដូចគ្នា។

វគ្គ៨ក្រុមចុងក្រោយនៃពានកម្រិតទី២ ប្រចាំប្រទេសម៉ាឡេស៊ី ( Malaysia FA Cup ) នឹងធ្វើការចាប់ឆ្នោតនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះ៕

 

រូបភាព៖ PKNS FC / Terengganu Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់