ណាហ្គាវើលដ៍ តាមពីក្រោយ Tampines Rovers ២ដង តែលទ្ធផលចុងក្រោយចាញ់ ៤ទល់២

មាស សុផាណារ៉ុង April 17, 2019


 

សិង្ហបុរី៖ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ របស់កម្ពុជា បានរងបរាជ័យសារជាថ្មីក្រោមថ្វីជើងម្ចាស់ផ្ទះ Tampines Rovers ក្នុងជំនួបទី៤ ប្រចាំពូល F នៃពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) មុននេះបន្តិច។

នៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Jalan Besar Stadium ម្ចាស់ផ្ទះ Tampines Rovers បានបើកការនាំមុខមុន ដោយកីឡាករ Irwan Shah នៅនាទី៣ មុននឹងកីឡាករ គួច ដានី រកគ្រាប់បាល់ពីក្រោយលើកដំបូងឲ្យណាហ្គាវើលដ៍ នៅនាទី១៤ និងរក្សាលទ្ធផលនេះរហូតដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ ការប្រកួតបានអូសបន្លាយច្រើននាទីទម្រាំមានគ្រាប់បាល់ទី៣ កើតឡើងនៅក្នុងការប្រកួតដ៏តាន់តឹងនេះ ពោលគឺម្ចាស់ផ្ទះដដែល រកគ្រាប់បាល់ទី២ របស់ខ្លួននៅនាទី៨៧ ដោយកីឡាករ Yasir Hanapi ប៉ុន្តែរំលងមិនបានប៉ុន្មាននាទី ណាហ្គាវើលដ៍ ក៏តាមបានស្មើជាលើកទី២ វិញផងដែរ ដោយកីឡាករ Paul Omogba នៅនាទី៩០ បែបនេះក៏ដោយ នៅម៉ោងបន្ថែមដែលសេសសល់ ៥នាទី ម្ចាស់ផ្ទះដែលសម្ដែងថាខ្លួនមានប្រៀបតាំងពីដើមមក បានបញ្ចប់ក្ដីសង្ឃឹមរបស់ណាហ្គាវើលដ៍ ទាំងស្រុងត្រឹមម៉ោងបន្ថែមនេះ ដោយថែមបាន២គ្រាប់បន្ថែមទៀត រកបានដោយកីឡាករ Khairul Amri នៅនាទី៩០+១ មុននឹង Jordan Webb បញ្ចប់គ្រាប់ចុងក្រោយនៅនាទី ៩០+៧។

បរាជ័យនេះ បានធ្វើឲ្យ ណាហ្គាវើលដ៍ អស់ឱកាសក្នុងការឈរជាក្រុមលេខ១ ប្រចាំពូល ដើម្បីទទួលបានកៅអីស្វ័យប្រវត្តិទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចាំតំបន់អាស៊ីអាគ្នេយ៍ ( ASEAN Zonal semi-finals ) ជាផ្លូវការក្រោយរកបានតែ ៣ពិន្ទុ ពីការប្រកួតចំនួន ៤ដង អ្វីដែលណាហ្គាវើលដ៍ អាចស្រោចស្រង់បានគឺត្រូវធ្វើយ៉ាងណារកឲ្យបាន ៦ពិន្ទុពីការប្រកួត ២ប្រកួតចុងក្រោយដើម្បីអាចឈរក្នុងនាមជាក្រុមលេខ២ល្អ ប្រចាំពូល F នេះ ខណៈ Tampines Rovers ដែលពុំដែលចាញ់ក្នុងពូលនេះ បានប្រាកដកៅអីទៅជុំបន្ទាប់ជាផ្លូវការ ដោយយ៉ាងហោចណាស់ក៏អាចជាក្រុមលេខ២ល្អ ដែលមានពិន្ទុច្រើនផងដែរ។

សម្រាប់លទ្ធផលគូក្នុងពូលជាមួយគ្នានេះផងដែរ Yangon United របស់មីយ៉ាន់ម៉ា បានរងបរាជ័យវិញម្ដងក្រោមថ្វីជើងក្រុមភ្ញៀវ Hanio FC របស់វៀតណាម ដោយលទ្ធផល ២ទល់៥៕

តារាងចំណាត់ថ្នាក់បណ្ដោះអាសន្នប្រចាំពូល F ក្រោយប្រកួត៤លើក៖

 

រូបភាព៖ Tampines Rovers Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់