កម្ពុជា ប៉ះ ប៉ាគីស្ថាន វគ្គជម្រុះជុំទី១ បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា

មាស សុផាណារ៉ុង April 17, 2019


 

ម៉ាឡេស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតជួបប្រកួតជាមួយ ក្រុមជម្រើសជាតិប៉ាគីស្ថាន សម្រាប់វគ្គជម្រុះជុំទី១ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification AFC ) ប្រចាំទ្វីបអាស៊ី។

បើយោងតាមលទ្ធផលនៃការចាប់ឆ្នោតនៅមុននេះបន្តិចនាប្រទេសម៉ាឡេស៊ី កម្ពុជា ដែលស្ថិតនៅប្រអប់ទី១ ត្រូវបានចាប់ឆ្នោតប៉ះក្រុមដែលមានចន្លោះចំណាត់ថ្នាក់ពី៤២ ដល់៤៦ ( ចំណាត់ថ្នាក់ប្រចាំទ្វីប ) រវាង បង់ក្លាដេស, ហ្គោម, ព្រុយណេ, ទីម័រខាងកើត, ប៉ាគីស្ថាន និងស្រីលង្គារ ទីបំផុតលទ្ធផលនៃការចាប់ឆ្នោត កម្ពុជា ត្រូវប៉ះ ក្រុមមកពីតំបន់អាស៊ីភាគខាងត្បូង ពោលគឺជម្រើសជាតិប៉ាគីស្ថាន សម្រាប់វគ្គជម្រុះបឋម ដែលគ្រោងនឹងធ្វើការប្រកួតនៅខែមិថុនា ខាងមុខនេះ។

បន្ទាប់ពីការចាប់ឆ្នោតផ្គូរផ្គង់ប្រកួតនេះរួច ការប្រកួតនឹងធ្វើឡើងនៅខែមិថុនា ( ពោលគឺ ថ្ងៃទី០៦ មិថុនា សម្រាប់ជើងទី១ នៅលើទឹកដីកម្ពុជា និងថ្ងៃទី១១ មិថុនា សម្រាប់ជើងទី២ នៅលើទឹកដីនៃប្រទេសប៉ាគីស្ថាន )។

លទ្ធផលនៃការចាប់ឆ្នោតទាំងស្រុងមានដូចខាងក្រោម៖

សូមបញ្ជាក់ថា បើកម្ពុជា ឆ្លងផុតវគ្គនេះ នឹងទទួលបានឱកាសបន្តទៀត ដើម្បីឡើងទៅតតាំងប្រកួតនៅក្នុងវគ្គជម្រុះជុំទី២ ដែលនឹងមានការបែងចែកពូលជាមួយប្រទេសចំនួន៣៩ ផ្សេងទៀត មកពីជុំវិញទ្វីបអាស៊ី ដើម្បីដណ្ដើមកៅអីទៅវគ្គេះជុំផ្ដាច់ព្រ័ត្រ ក៏ដូចជាកៅអីជុំចុងក្រោយនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ ផងដែរ។

ចាំបានថា កាលពីប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅក្នុងវគ្គជម្រុះឆ្នាំ២០១៥ កម្ពុជា បានឆ្លងផុតជុំដំបូងដោយបានយកឈ្នះ ម៉ាកាវឍ ដោយលទ្ធផលទាំង២ជើង ៤ទល់១ និងបានឡើងទៅវគ្គបែងចែកពូលសម្រាប់វគ្គជុំទី២ ដោយស្ថិតនៅពូល E ជាមួយ ជប៉ុន , ស៊ីរី , អាហ្វហ្គានីស្ថាន និងសិង្ហបុរី ពេលនោះកម្ពុជា បានត្រឹមលេខ៥ បាតតារាង និងពុំមានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រនោះឡើយ៕

 

រូបភាព៖ Asian Football Confederation / FootballPakistan.Com (FPDC)

អត្ថបទ៖ ណារ៉ុង

មតិយោបល់