អាំ សុវណ្ណារ៉ាត់ ពេញចិត្តការធ្វើបាន Clean Sheet ៣ប្រកួតផ្ទួន ដ្បិតមិនទាន់ជួបក្លឹបធំ!

មាស សុផាណារ៉ុង April 12, 2019


 

ភ្នំពេញ៖ អ្នកចាំទីដៃទី១ របស់ក្លឹបព្រះខ័នរាជស្វាយរៀង អាំ សុវណ្ណារ៉ាត់ បានសម្ដែងការពេញចិត្តជាខ្លាំង ចំពោះការការពារសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ (Clean Sheet) ចំនួន៣ប្រកួត ជាប់គ្នា នាដើមរដូវកាលថ្មី ហើយចាត់ទុកជាសញ្ញាណវិជ្ជមានមួយសម្រាប់ក្លឹប ដ្បិតព្រះខ័នរាជស្វាយរៀង នៅមិនទាន់ជួបក្លឹបៗ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ក៏ដោយ។

កីឡាករខកខានជាប់ជម្រើសជាតិក្បែរ ៤ឆ្នាំរូបនេះ បាននិយាយថា «បើថាចឹងក៏ថាបាន សម្រាប់ការប្រកួតយើងនឹងត្រៀបរៀបចំសម្រាប់ក្រុមតូច និងក្រុមធំ។ ចឹងបើយើងរបូតគ្រាប់បាល់ពេលជួបក្រុមតូច ពេលប៉ះក្រុមធំយើងអាចនឹងមានបញ្ហា ខ្ញុំក៏សប្បាយចិត្តពេលឃើញខ្សែការពារសហការគ្នាបានល្អ។» ការលើកឡើងនេះ ក្រោយមានសំណួរចោទសួរថា ការប្រកួត ៣ប្រកួតនៅដើមរដូវកាលថ្មី មិនមែនជាក្រុមធំ ហើយ អាំ សុវណ្ណារ៉ាត់ ក៏សម្ដែងការទទួលស្គាល់ដូច្នេះដែរ។

ប៉ុន្ដែទោះបីខ្លួនបានបង្ហាញសមត្ថភាពគួរឲ្យទាក់ទាញ នៅដើមរដូវកាល តែអ្នកចាំទីវ័យ ២៤ឆ្នាំរូបនេះ នៅមិនទាន់គិតដល់កៅអីជម្រើសជាតិនោះទេ ដោយគេផ្ដោតលើការជួបក្លឹបព្រះខ័នរាជស្វាយរៀងសិន ។ សុវណ្ណារ៉ាត់ និយាយថា «សម្រាប់ខ្ញុំអត់ទាន់គិតដល់ចំណុចហ្នឹងទេ សំខាន់គឺជួយក្លឹបខ្ញុំសិន ព្រោះអ្វីអ្នកចាំទីជម្រើសជាតិ គឺមានកាយសម្បទាល្អ និងមានសមត្ថភាពច្រើន ចឹងអ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺផ្តោតអារម្មណ៍លើការជួយក្លឹបសិន»។

ចំពោះលទ្ធផល ៣ប្រកួតដំបូង នៃជើងទី១ របស់ក្លឹបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ រួមមានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២-០ ក្នុងដី មុនបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ១-០ និងបន្ដយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-០ ក្រៅដី ដែលធ្វើឲ្យពួកគេ រក្សាបាននូវកៅអីកំពូលតារាងសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា ដោយមាន ៩ពិន្ទុ នាំមុខក្រុមឈរលេខរៀងបន្ទាប់ គឺក្រសួងការពារជាតិ និងវិសាខា ដែលមាន ៧ពិន្ទុក្នុងដៃស្មើគ្នា៕

 

អត្ថបទ៖ បុត្រា

មតិយោបល់