លទ្ធផលផ្គូរផ្គង វគ្គ១៦ក្រុមចុងក្រោយ ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន
មាស សុផាណារ៉ុង April 11, 2019
ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ វគ្គជម្រុះក្នុងពូល ( ថ្នាក់ខេត្ត ) ដែលបានចាប់ផ្ដើមពីថ្ងៃ២៦ ខែកុម្ភៈ ជាមួយនឹងក្រុមចំនួន ២៣ចូលរួម បានរកឃើញក្រុមឡើងទៅវគ្គ ១៦ក្រុមចុងក្រោយផងដែរ និងការចាប់ឆ្នោតផ្គូរផ្គង់វគ្គ ១/៨ ផ្ដាច់ព្រ័ត្រ។ សូមរំលឹក សម្រាប់ការប្រកួតដែល មានក្រុមទាំងអស់ចំនួន ២៣ចូលរួម ( ស្មើនឹង២៣ខេត្ត ) នឹងធ្វើការបែងចែកចេញជា ៦ពូល ( ពូល A ដល់ពូល F ) ហើយក្នុង១ពូលមាន ៤ក្រុម លើកលែងតែពូល F ដែលមានតែ៣ក្រុម ធ្វើការប្រកួតចំនួនមួយជើងរៀងរាល់ថ្ងៃអង្គារ៍ និងថ្ងៃពុធ។
សម្រាប់សមាសភាពក្រុមទាំង២៣ ដែលនឹងត្រូវប្រកួតក្នុងវគ្គថ្នាក់ខេត្តរួមមាន៖
ពូល A ( បាត់ដំបង , ប៉ៃលិន , ពោធិ៍សាត់ និង បន្ទាយមានជ័យ ) ពូល B ( ស្វាយរៀង , ព្រៃវែង , ត្បូងឃ្មុំ និង កណ្ដាល ) ពូល C ( ស្ទឹងត្រែង , រតនៈគិរី , ក្រចេះ និង មណ្ឌលគីរី ) ពូល D ( កំពត , កែប , ព្រះសីហនុ និង កោះកុង ) ពូល E ( កំពង់ធំ , សៀមរាប , ឧត្តរមានជ័យ និងព្រះវិហារ ) ពូល F ( តាកែវ , កំពង់ស្ពឺ និងកំពង់ឆ្នាំង )
ជាលទ្ធផលក្រុមដែលបានឡើងទៅវគ្គបន្តរួមមាន៖
ពូល A ( បាត់ដំបង , ពោធិ៍សាត់ និងបន្ទាយមានជ័យ ) ពូល B ( ស្វាយរៀង , ព្រៃវែង និងត្បូងឃ្មុំ ) ពូល C ( រតនៈគិរី និងមណ្ឌលគីរី ) ពូល D ( កំពត , កែប និងកោះកុង ) ពូល E ( កំពង់ធំ , សៀមរាប និងព្រះវិហារ ) និងពូល F ( តាកែវ និងកំពង់ស្ពឺ )
សម្រាប់ការផ្គូរផ្គង់ក្រុមដែលនឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ មានលទ្ធផលដូចខាងក្រោម៖
- សៀមរាប ប្រកួតជាមួយ កំពង់ស្ពឺ
- កែប ប្រកួតជាមួយ បន្ទាយមានជ័យ
- ព្រៃវែង ប្រកួតជាមួយ បាត់ដំបង
- កំពត ប្រកួតជាមួយ មណ្ឌលគីរី
- កំពង់ធំ ប្រកួតជាមួយ ព្រះវិហារ
- ត្បូងឃ្មុំ ប្រកួតជាមួយ ពោធិ៍សាត់
- កោះកុង ប្រកួតជាមួយ ស្វាយរៀង
- រតនគីរី ប្រកួតជាមួយ តាកែវ
ចំពោះការប្រកួត គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣, ២៤, ២៥ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានតែ១ជើងប៉ុណ្ណោះ ក្រុមដែលនៅខាងមុខ ដែលត្រូវបានចាប់ឆ្នោតចំមុននឹងធ្វើជាម្ចាស់ផ្ទះ ខណៈក្រុមដែលចាប់តាមក្រោយ គឺជាក្រុមភ្ញៀវ។ សូមបញ្ជាក់ថា នេះជាឆ្នាំទី១៣ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅ យុវជនសាលាបាល់ទាត់ជាតិបាទី ក្រោយយកឈ្នះ គីរីវង់សុខសែនជ័យ ១ទល់២ ស្របពេលដែលក្រុមជើងឯពានរង្វាន់នេះជាផ្លូវការវិញ គឺបានទៅលើ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បន្ទាប់ពីបានយកឈ្នះ អគ្គស្នងការរដ្ឋាននគរបាលជាតិ ៣ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ ណារ៉ុង