កែវ សុខផេង ថាយក៣ពិន្ទុពី ភ្នំពេញក្រោន យប់មិញពិតជាពិបាក

មាស សុផាណារ៉ុង April 8, 2019


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធជួរមុខរបស់វិសាខា កីឡាករ កែវ សុខផេង បានលើកឡើងថា ការដណ្ដើមបាន ៣ពិន្ទុពីក្លឹបភ្នំពេញក្រោន មិនមែនជារឿងងាយស្រួលនោះទេ ដោយសារអតីតក្លឹបចាស់របស់ខ្លួននេះ មានការប្រែប្រួលច្រើន និងធ្វើបានល្អជាងពីមុន។ នេះបើតាមការលើកឡើង ក្រោយវិសាខា ឈ្នះភ្នំពេញក្រោន ៣-១ ក្នុងជំនួបសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋាន Smart RSN កាលពីយប់មិញ។

អតីតកីឡាករក្លឹបភ្នំពេញក្រោនរូបនេះ បាននិយាយថា «បើធៀបកាលពីឆ្នាំមុន ដែលវិសាខា ធ្លាប់ជួបភ្នំពេញក្រោន ការប្រកួតឆ្នាំនេះពិតជាពិបាក និយាយរួមគ្រប់ក្រុម គ្រប់ការប្រកួត គឺពិបាក ពិសេសប៉ះភ្នំពេញក្រោន យើងពិបាកយក ៣ពិន្ទុពីពួកគេណាស់ ព្រោះខាងគេក៏លេងល្អ ប៉ុន្ដែលទ្ធផលយើងសំណាងជាង»។

សុខផេង បន្ដថា «ការប្រកួតនេះ ពួកយើងធ្វើបានល្អជាង ២ប្រកួតមុន ដែលជាការប្រកួតក្នុងដី ព្រោះយើងបានត្រៀមតាំងពី ១សប្ដាហ៍មុន និងខិតខំហ្វឹកហាត់ ក៏ដូចជាប្រឹងមើលការប្រកួតរបស់គេ។ ជាក់ស្ដែងការប្រកួត កីឡាករម្នាក់ៗប្រឹងលេងណាស់ អញ្ចឹងជ័យជម្នះនេះ គឺល្អមែនទែន សម្រាប់ក្លិបវិសាខា»។

ជ័យជម្នះខាងលើ បានធ្វើឲ្យវិសាខា បន្ដកំណត់ត្រាមិនទាន់ស្គាល់ចាញ់ ដោយរកបាន ៧ពិន្ទុឈរលេខ៣ ស្មើក្រសួងការពារជាតិ តែចាញ់ប្រៀបក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ២ពិន្ទុ ។ រីឯភ្នំពេញក្រោន បានរក្សាកំណត់ត្រាចាញ់ក្នុងដី ២ប្រកួតផ្ទួន ក្រោមថ្វីជើងក្រុមបឹងកេត ៣-២ និងចាញ់វិសាខា ៣-១ យប់មិញ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់