គ្រូណាហ្គាវើល រំពឹងស្ដារភាពខ្លាំង ត្រឡប់មកវិញ ក្រោយលត់ប៉ូលិស ៦-០ យប់មិញ

មាស សុផាណារ៉ុង April 8, 2019


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានសម្ដែងការពេញចិត្តខ្លាំង ចំពោះទម្រង់លេងកូនក្រុមម ក្នុងជ័យជម្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ដោយលទ្ធផល ៦-០ កាលពីយប់មិញ ហើយលោករំពឹងថា កូនក្រុមខ្លួន និងរក្សាភាពខ្លាំងនេះ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ នាប្រកួតក្រោយៗបន្ដទៀត។

គ្រូបង្វឹកវ័យ ៣៩ឆ្នាំរូបនេះ បានផ្ដល់បទសម្ភាសន៍ តាមរយៈទូរស័ព្ទថា មុនការប្រកួត លោកមានការព្រួយបារម្ភ ពិសេសការប្រមូលអារម្មណ៍ ព្រោះណាហ្គាវើល ទើបប្រកួតចាញ់ក្រុម Tampines Rover សិង្ហបុរី ក្នុងពាន AFC Cup 2019។ តែអ្វីៗមិនលោកគិតទេ ពួកគេបានធ្វើល្អហួសស្មាន ដោយសហការគ្នាបានយ៉ាងល្អលើទីលាន ពិសេសការរកបានគ្រាប់បាល់ចុងម៉ោងតែម្ដង។

លោកនិយាយថា «ប្រកួតនេះ ពួកគាត់ (កីឡាករ) ធ្វើបានល្អ ខុសពីការព្រួយបារម្ភរបស់ខ្ញុំ ខ្លាចមានការប្រមូលអារម្មណ៍មិនបានល្អ…។ មួយទៀត ពួកគេធ្វើបានកាន់តែល្អនៅចុងម៉ោង ដែលជាអ្វីយើងចង់បាន ព្រោះតាំងពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ ការប្រកួតរបស់យើង ពួកគាត់តែងធ្វើបានល្អនៅតង់ទី២ អញ្ចឹងក្ដីរំពឹងរបស់ខ្ញុំ គឺសង្ឃឹមថា ពួកយើងនឹងស្ដារភាពខ្លាំងនៅតង់ទី២ ត្រឡប់មកវិញ»។

ការលើកឡើងបែបនេះ បន្ទាប់ពីជ័យជម្នះ ៦-០ របស់ក្រុមណាហ្គាវើល លើក្រុមប៉ូលិស សុទ្ធតែកើតឡើង នៅតង់ទី២ រួមមានកីឡាករ Gurbani Amir រកបាន ២គ្រាប់ នៅនាទីទី២ និងនាទី៧០, កីឡាករ Omogba រកបាន ១គ្រាប់នៅនាទី៦៣, កីឡាករ Kimson រកបាន ១គ្រាប់នៅនាទី៦៨, កីឡាករ គួច ដានី រកបាន ១គ្រាប់ នៅនាទី៧៧ និងកីឡាករ ញឹម សុវណ្ណារ៉ា រកបាន ១គ្រាប់នៅនាទី៨៧។

បច្ចុប្បន្នណាហ្គាវើល កំពុងឈរលេខរៀងទី៤ បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៣ប្រកួត នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ បញ្ចប់ជាមួយលទ្ធផលឈ្នះ២ និងចាញ់ ១ មាន ៦ពិន្ទុស្មើក្រុមអគ្គិសនីកម្ពុជា ។ ចំពោះប្រកួតបន្ទាប់ក្រុមរបស់លោក មាស ចាន់ណា នឹងចេញប្រកួតក្រៅដី ដោយជួបក្រុមមានមូលដ្ឋាននៅសៀមរាប គឺក្រុមសូលទីឡូអង្គរ នាថ្ងៃទី២១ ខែមេសាខាងមុខ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់