ភ្នំពេញក្រោន ពុំទាន់ស្គាល់ពាក្យថាឈ្នះ២ប្រកួតជាប់ៗគ្នា ជាលើកដំបូងលើទឹកដីរបស់ខ្លួន ចាប់តាំងពីប្រើប្រាស់កីឡដ្ឋានផ្ទាល់ខ្លួនមក

មាស សុផាណារ៉ុង April 8, 2019


 

ភ្នំពេញក្រោន៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលជាក្រុមជើងឯក៦សម័យនៃលីគកំពូលកម្ពុជា បានកត់ចូលនូវកំណត់ត្រាមិនល្អរបស់ខ្លួន ពោលគឺការពុំទាន់ស្គាល់ពាក្យថាឈ្នះ ២ប្រកួតជាប់ៗគ្នា ជាលើកដំបូងលើទឹកដីរបស់ខ្លួន ចាប់ពីតាំងប្រើប្រាស់កីឡដ្ឋានផ្ទាល់ខ្លួននៅឆ្នាំ២០១៥ មក។

ឆ្នាំ២០១៩ នៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន បានរងបរាជ័យ២លើករួចមកហើយ ហើយក៏ជាលើកទី២ដូចគ្នា ដែលរងបរាជ័យលើទឹកដីខ្លួនឯង បើធៀបទៅនឹងឆ្នាំដទៃទៀត រាប់ពី២០១៥មក ដែលក្រុមមានមូលដ្ឋាននៅរាជធានីភ្នំពេញមួយនេះ ចាប់ផ្ដើមប្រើប្រាស់កីឡដ្ឋានផ្ទាល់ខ្លួន RSN Stadium ( បច្ចុប្បន្នឈ្មោះ Smart RSN Stadium ) នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ក្នុងជំនួបលើកដំបូង ជាមួយបឹងកេត ( កាលនោះឈ្មោះថា បឹងកេតអង្គរ )។

រាប់ពី២០១៥ ដែលមានរយៈពេល៤ឆ្នាំមកហើយ ដែលភ្នំពេញក្រោន តែងតែធ្វើបានលទ្ធផលឈ្នះ ឬក៏ស្មើនៅប្រកួតបើកឆាក ក៏ដូចជាជាពិសេសនៅលើកីឡដ្ឋានរបស់ខ្លួន ជាក់ស្ដែងលទ្ធផលមានដូចជា៖

លីគកំពូលកម្ពុជា ឆ្នាំ២០១៥៖ ២ប្រកួតដំបូង លើកីឡដ្ឋាន Smart RSN Stadium

  • ប៉ះ បឹងកេត ស្មើ ( ០ទល់០ )
  • ប៉ះ ណាហ្គាវើលដ៍ ឈ្នះ ( ៤ទល់២ )

លីគកំពូលកម្ពុជា ឆ្នាំ២០១៦៖ ២ប្រកួតដំបូង លើកីឡដ្ឋាន Smart RSN Stadium

  • ប៉ះ អង្គរថាយហ្គឺរ ឈ្នះ ( ៣ទល់១ )
  • ប៉ះ បឹងកេត ចាញ់ ( ០ទល់១ )

លីគកំពូលកម្ពុជា ឆ្នាំ២០១៧៖ ២ប្រកួតដំបូង លើកីឡដ្ឋាន Smart RSN Stadium

  • ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្មើ ( ២ទល់២ )
  • ប៉ះ គីរីវង់សុខសែនជ័យ ឈ្នះ ( ៦ទល់១ )

លីគកំពូលកម្ពុជា ឆ្នាំ២០១៨៖ ២ប្រកួតដំបូង លើកីឡដ្ឋាន Smart RSN Stadium

  • ប៉ះ សូលទីឡូអង្គរ ឈ្នះ ( ១ទល់០ )
  • ប៉ះ ណាហ្គាវើលដ៍ ចាញ់ ( ០ទល់១ )

ដោយឡែកឆ្នាំ២០១៩ នៅ២ប្រកួតដំបូង ដែលធ្វើឡើងលើកីឡដ្ឋាន Smart RSN Stadium ភ្នំពេញក្រោន បានរងបរាជ័យទាំង ២ប្រកួត ពោលគឺបរាជ័យក្រោមថ្វីជើង បឹងកេត ២ទល់៣ និងម្សិលមិញចាញ់ វិសាខា ១ទល់៣។

យ៉ាងណាមិញ ភ្នំពេញក្រោន នៅសប្ដាហ៍បន្ទាប់ ( សប្ដាហទី៤ ) នឹងត្រូវទៅប្រកួតតតាំងជាមួយម្ចាស់ផ្ទះ ក្លឹបព្រះខ័នរាជស្វាយរៀង ដែលប្រកួតក្រៅដីនៅឆ្នាំ២០១៩នេះ ភ្នំពេញក្រោន ធ្លាប់ធ្វើបានលទ្ធផលល្អដោយយកឈ្នះលើ យុវជនអាយុក្រោម១៨ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី ០ទល់២ កាលពីសប្ដាហ៍ទី២។ ត្រលប់មកវិញ ភ្នំពេញក្រោន នឹងត្រូវប៉ះ អាស៊ីអ៊ឺរ៉ុបយូណាយធីត នៅសប្ដាហ៍ទី៥ នៅលើទឹកដីរបស់ខ្លួនសារជាថ្មី៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់