ការលើកឡើងរបស់ លោក ហុក សុជីវន្ត ក្រោយការប្រកួតរវាង ភ្នំពេញក្រោន ជាមួយ វិសាខា

មាស សុផាណារ៉ុង April 8, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា បានប្រកួតយកឈ្នះម្ចាស់ផ្ទះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្នុងជំនួបសប្ដាហ៍ទី៣ រដូវកាល២០១៩ នៃលីគកំពូលកម្ពុជា ខណៈក្រោយចប់ការប្រកួត លោក ហុក សុជីវ័ន ដែលជាគ្រូបង្វឹកវិសាខា បានបញញ្ចេញមតិយោបល់ខ្លះៗជាមួយនឹងលទ្ធផលដ៏ល្អប្រសើរនេះ។

«បាទ និយាយទៅការប្រកួតនេះតឹងតែងមែនទែន សម្រាប់ក្រុមម្ខាងៗ ដែលយើងមានការធ្វេសប្រហែសតែមួយភ្លែតគឺយើងរបូតគ្រាប់ភ្លាម ហើយជាក់ស្ដែងអ្វីដែលយើងបានរៀបចំសប្ដាហ៍នេះគឺយើងធ្វើបានល្អមែនទែន សម្រាប់ពីតំបន់ការពារទៅដល់ប្រយុទ្ធ គឺយើងព្យាយាមអាចធ្វើបានច្រើន យើងមានឱកាសច្រើន ប៉ុន្តែឱកាសមិនអាចឲ្យយើងសម្រេចផលបានគ្រប់ពេល។» សម្ដីរបស់ លោក ហុក សុជីវ័ន ក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួត។

គ្រូបង្វឹកវ័យ ៣៩ឆ្នាំដដែលរូបនេះ បាននិយាយជុំវិញការប្រកួតយ៉ាងដូច្នេះថា៖ «ដូចអ្វីដែលយើងគិត ក្រុមនេះមានរបៀបនៃការលេងបាល់ខ្លីច្រើន ហើយកីឡាករមានទំនុកចិត្តក្នុងការលេងបាល់ខ្លីលឿន អច្ចឹងពេលខ្លះវាពិបាកក្នុងការការពាររបស់ពួកយើង។»

សូមរំលឹកទៅលទ្ធផល នៃគូជក់ចិត្តប្រចាំសប្ដាហ៍រវាងក្រុមទាំង២ បានបញ្ចប់ទៅដោយ ភ្នំពេញក្រោន រងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ វិសាខា ដោយលទ្ធផល ១ទល់៣ ដោយ១គ្រាប់របស់ ភ្នំពេញក្រោន ធ្វើបានសម្រេចដោយកីឡាករ Paulo Victor នៅវគ្គទី២ ខណៈ៣គ្រាប់របស់វិសាខា រកបានដោយកីឡាករ Guardiano ២គ្រាប់ម្នាក់ឯងនៅវគ្គទី១ និងទិត្យ ឌីណា រកគ្រាប់ធានាជ័យជម្នះនៅនាទី៨៤ មុនបញ្ចប់ការប្រកួត។

លទ្ធផលឈ្នះនេះ បច្ចុប្បន្នវិសាខា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ មាន៧ពិន្ទុក្នុងដៃ ក្រោយប្រកួត៣ដង ឈ្នះ២ និងស្មើ១ ស្របពេលប្រកួតបន្ទាប់ត្រូវប៉ះអគ្គិសនីកម្ពុជា លើទឹកដីរបស់ខ្លួនសារជាថ្មី៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់