លោក ហៅ សុជាតិ ត្រៀមកែប្រែប្រព័ន្ធប្រយុទ្ធរបស់បឹងកេត សម្រាប់ជំនួបជាមួយ អង្គរថាយហ្គឺរ រសៀលនេះ

មាស សុផាណារ៉ុង April 7, 2019


 

សៀមរាប៖ គ្រូបង្វឹកនៃក្លឹបបាល់ទាត់បឹងកេត លោក ហៅ សុជាតិ បានបង្ហើបនៅមុនជំនួបជាមួយ ក្លឹបអង្គរថាយហ្គឺរ ក្នុងជំនួបសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា ថានឹងត្រៀមកែប្រែប្រព័ន្ធប្រយុទ្ធរបស់ខ្លួនឡើងវិញបន្ទាប់ពីមានបញ្ហាកាលពីសប្ដាហ៍មុន នៅពេលរងបរាជ័យក្រោមថ្វីជើង អគ្គិសនីកម្ពុជា។

ថ្លែងក្រោយចប់ការប្រកួតដែលរងបរាជ័យ ១ទល់០ ក្រោមថ្វីជើង ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា លោក ហៅ សុជាតិ បានសម្លឹងឃើញកង្វះខាតរបស់ក្រុមដែលនាំឲ្យទទួលលទ្ធផលចាញ់បែបនេះ ពោលគឺនៅត្រង់តំបន់ប្រយុទ្ធ ដោយមានឱកាសជាច្រើនក្នុងការបញ្ចប់ទីប៉ុន្តែធ្វើមិនបានសម្រេច ខណៈជាមួយគ្នាលោកក៏បានបង្ហើបពីក្ដីបារម្ភផងដែរជុំវិញលទ្ធផលជាមួយ អគ្គិសនីកម្ពុជា អាចនាំឲ្យមានការប៉ះពាល់អារម្មណ៍របស់កីឡាករ។

គ្រូបង្វឹកដែលជួយឲ្យបឹងកេត ឈ្នះជើហឯកលីគកមំពូលកម្ពុជា កាលពីឆ្នាំ២០១៧ រូបនេះបានបញ្ជាក់ថា៖ «នៅប្រកួតក្រោយគឺយើងត្រៀមកែប្រែនៅតំបន់ប្រយុទ្ធ គឺយើងត្រូវរៀបចំធ្វើយ៉ាងម៉េចឲ្យបានល្អខ្លាំងបន្ថែមទៀត ដោយសារយើងមានឱកាសគ្រប់គ្រង់បាល់ យើងមានឱកាសទៅដល់ទីគេច្រើន តែឱកាសទាត់បញ្ចប់ទី ឱកាសនៃការរកគ្រាប់ គឺយើងពុំមានទាល់តែសោះ។» អំពីក្ដីបារម្ភ លោក ហៅ សុជាតិ បានបន្តយ៉ាងដូច្នេះថា៖ «យើងការព្រួយបារម្ភផងដែរ ដោយសារយើងភ្លាត់ចាញ់អគ្គិសនី អច្ចឹងអារម្មណ៍របស់កីឡាករ ក៨ធ្លាក់ទៅតាមនឹងដែរ អច្ចឹងយើងនឹងព្យាយាមរៀបចំឲ្យបានល្អ ដើម្បីត្រៀមជាមួយអង្គរថាយហ្គឺរ។»

សម្រាប់ជំនួបរវាង អង្គរថាយហ្គឺរ ជាមួយ បឹងកេត គឺគ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែមេសា នេះ នៅលើកីឡដ្ឋានខេត្តសៀមរាប ( ស្វាយធំ ) នាម៉ោង ៣:៣០ នាទីរសៀល។

ស្របពេលជាមួយគ្នាផងដែរ បើក្រឡេកមកមើលប្រវត្តិជួបគ្នារវាងក្រុមទាំង២ ក្នុងចំណោម៥ប្រកួតចុងក្រោយក្នុងលីគកំពូលកម្ពុជា គឺបឹងកេត មានលទ្ធផលល្អជាង ដោយក្រុមរហស្សនាម នាគខៀវ មួយនេះឈ្នះ ៤ដង ខណៈលទ្ធផលដែលល្អបំផុតសម្រាប់ក្រុមរហស្សនាមខ្លាទឹកក្រូច គឺបានត្រឹមតែស្មើប៉ុណ្ណោះ កាលពីជំនួបចុងក្រោយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់