លោក មាស ចាន់ណា បញ្ជាក់ថា «ប៉ូលីស ឆ្នាំនេះមិនមែនជាក្រុមមួយដែលអន់»

មាស សុផាណារ៉ុង April 7, 2019


 

ភ្នំពេញ៖ ណាហ្គាវើលដ៍ នឹងត្រូវបើកទ្វារកីឡដ្ឋានបណ្ដោះអាសន្នរបស់ខ្លួន ( ស្តាតចាស់ ) នៅល្ងាចថ្ងៃទី០៧ ខែមេសា នេះដើម្បីស្វាគមន៍ក្រុមតំណាងឲ្យស្ថាប័នប៉ូលីស ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ជំនួបសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា។

ជាការលើកឡើងមុនការប្រកួតមកដល់ លោក មាស ចាន់ណា ដែលជាគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ បានបញ្ជាក់ថា «ប៉ូលីស ឆ្នាំនេះមិនមែនជាក្រុមមួយដែលអន់នោះទេ»។ ការលើកឡើងបែបនេះបន្ទាប់ពីលោកសង្កេតឃើញក្រុមនៅក្នុងលីគភាគច្រើន ជាពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ទាល់មានការពង្រឹងខ្លាំងជាងឆ្នាំមុនៗ។

លោកបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ កាលពីសប្ដាហ៍មុនយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាប៉ូលីសឆ្នាំនេះមិនមែនជាក្រុមអន់ទេ គ្រប់ក្រុមទាំងអស់មិនមែនជាក្រុមអន់ទេ យើងមើលឃើញស្រាប់ហើយ ពីព្រោះក្រុមមួយៗគេសុទ្ធតែពង្រឹងខ្លាំងមែនទែន ជាពិសេសក្រុមមួយចំនួនធំគាត់ពង្រឹងកីឡាករគាត់ចាស់ ដូចខ្ញុំ ប៉ុន្មានឆ្នាំមកនេះខ្ញុំពង្រឹងតែកីឡាករចាស់ៗរហូតទើបបានពានឆ្នាំមុន តែឆ្នាំនេះខ្ញុំព្យាយាមពង្រឹងក្មេងដើម្បីឲ្យខ្លាំង អច្ចឹងដល់វេនពួកគាត់ម្ដង ពួកគាត់ត្រូវពង្រឹងកីឡាករចាស់ៗរបស់គាត់តាមក្លឹបផ្សេងៗ។» 

សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង២ នឹងធ្វើឡើងនៅវេលាម៉ោង ៦ល្ងាច នៅលើកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ ) ខណៈបើនិយាយពីប្រវត្តិជួបគ្នានា៤លើកចុងក្រោយ ភាគច្រើនណាហ្គាវើលដ៍ ធ្វើបានល្អជាង អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្នុងនោះណាហ្គាវើលដ៍ ឈ្នះ៣ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះតែ១ ប៉ុណ្ណោះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់