គ្រូព្រះខ័នរាជស្វាយរៀង ថាគិរីវង់ មិនមែនជាក្រុមដែលងាយស្រួលយកឈ្នះនោះទេ

មាស សុផាណារ៉ុង April 7, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានអះអាងថា រដូវកាលថ្មីនេះ គិរីវង់សុខសែនជ័យ គឺជាក្រុមខ្លាំងមួយ មិនអាចធ្វេសប្រហែសបានឡើយ ហើយរឹតតែមិនងាយស្រួលយកឈ្នះនោះទេ ទោះបីពួកគេ ទើបបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវិសាខា ២-០ កាលពីសប្ដាហ៍មុនក៏ដោយ។ នេះគឺជាការលើកឡើង មុនក្រុមទាំងពីរ ត្រូវជួបគ្នាចុងសប្ដាហ៍នេះ។

គ្រូបង្វឹកជនជាតិអៀកឡង់រូបនេះថា៖ «ពួកគេហាក់មានភាពរស់រើកលើទីលាន ពេលលេងជាមួយវិសាខា គ្រាន់តែពួកគេអត់សំណាង តែចំពោះខ្ញុំយល់ថា ពួកគេគួរនាំមុខនៅវគ្គទី១។ ចំពោះក្រុមយើង នៅតែគោរពគូប្រកួត និងធ្វើការខ្លាំងតាមអាចធ្វើបាន…។ គីរីវង់ មិនមែនជាក្រុមស្រួលយកឈ្នះនោះទេ ខ្ញុំច្បាស់ណាស់ថារដូវកាលនេះ ពួកគេនឹងអាចឈ្នះការប្រកួតជាច្រើន»។

បន្ថែមលើនេះ លោកក៏មានការព្រួយបារម្ភខ្លះៗ ចំពោះការប្ដូរទីលានប្រកួត ពីកីឡដ្ឋានគិរីវង់ ទៅប្រកួតនៅកីឡដ្ឋានគរុកោសល្យភូមិភាគតាកែវផងដែរ។ លោកថា «ក្រុមទាំងមូលបានធ្វើការយ៉ាងលំបាកពេញមួយសប្តាហ៍ ហើយពួកគេចង់រក្សាអារម្មណ៍ដែលឈ្នះ។ យើងមានការព្រួយបារម្ភតិចតួច ដោយសារផលប៉ះពាល់នៃទីលានកាលពីសប្តាហ៍មុន ប៉ុន្តែប្រសិនបើអ្នកខ្លះមិនអាចលេងបាន វាគឺជាឱកាសមួយសម្រាប់អ្នកដទៃ»។

គួររំលឹកផងដែរ ជំនួបរវាងក្រុមទាំង២ នា៥លើកចុងក្រោយក្នុងលីគ គីរីវង់សុខសែនជ័យ មិនដែលឈ្នះព្រះខ័នរាជស្វាយរៀង ឡើយ ដោយ៥ប្រកួត ព្រះខ័នរាជស្វាយរៀង ឈ្នះទាំង៥ប្រកួត និងមានលទ្ធភាពទាត់ចូល គីរីវង់ រហូតដល់២០គ្រាប់ ក្នុងចំណោម៥ប្រកួត ស្របពេលដែល គីរីវង់ ទាត់ចូលទីព្រះខ័នរាជស្វាយរៀង តែ២គ្រាប់ប៉ុណ្ណោះ។

ព្រះខ័នរាជស្វាយរៀង គឺជាក្រុមឈរកំពូលតារាងសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ដោយមាន ៦ពិន្ទុ ក្រោយយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២-០ និងឈ្នះក្រុមសូលទីឡូអង្គរ ១-០ គ្រាដែលក្រុមគិរីវង់ មាន ៣ពិន្ទុក្នុងដៃ ជាមួយលទ្ធផល ២ប្រកួតឈ្នះ១ និងចាញ់ ១។ ចំពោះការប្រកួតក្រុមទាំងពីរ នឹងចាប់ផ្ដើមនាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី០៧ ខែមេសាចុងសប្ដាហ៍នេះ៕

 

រូបភាព៖ ព្រះខ័នរាជស្វាយរៀង – Preah Khan Reach Svay Rieng FC

អត្ថបទ៖ បុត្រា

មតិយោបល់