ប៉ូលីស ប៉ះ ណាហ្គាវើលដ៍ លោក ប្រាក់ សុវណ្ណារ៉ា គិតថាជារឿងធម្មតា

មាស សុផាណារ៉ុង April 7, 2019


 

ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលនឹងត្រូវដឹកនាំក្រុម ប៉ះក្រុមការពារតំណែងជើងឯក ណាហ្គាវើលដ៍ នៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ក្នុងជំនួបសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា នេះបានចាត់ទុកថាជារឿងធម្មតា។

ការលើកឡើងបែបនេះ គឺនៅមុនតតាំងជាមួយណាហ្គាវើលដ៍ ដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង ៦ល្ងាច នាកីឡដ្ឋានស្តាតចាស់ លោក ប្រាក់ សុវណ្ណារ៉ា ថ្លែងបែបនេះ គឺដោយសារលោកគិតថាទម្រង់លេងរបស់ក្រុមនីមួយៗនាពេលបច្ចុប្បន្នគឺហាក់មានកម្រិតប្រហាក់ប្រហែលគ្នា ដោយក្រុមដែលធ្លាប់តែមានកម្រិតទាបជាងបែរជាអាចមានលទ្ធភាពស្មើ ឬក៏ឈ្នះ និងជាពិសេសនោះលោកចង់សំដៅលើបម្រែបម្រួលកីឡាករប្រចាំក្រុមរៀងៗខ្លួនហាក់ពុំសូវប្លែក។

«នៅឆ្នាំ២០១៩នេះ យើងមើលឃើញក្រុមហាក់ដូចជាមិនឃ្លាតឆ្ងាយពីគ្នាប៉ុន្មានទេ ឃើញលទ្ធផលស្រាប់ហើយដូចជា សូលទីឡូអង្គរ អាចស្មើ វិសាខា ក្រុមខេត្តកំពង់ចាម អាចមានលទ្ធភាពឈ្នះ កំពង់ចាម ហើយណាហ្គា ជាដើមឈ្នះ អាស៊ីអ៊ឺរ៉ុប តែ១ទល់០ ទេ អច្ចឹងខ្ញុំគិតថាគ្រប់ការប្រកួតមិនមានការប្រកួតណាដែលខ្សោយទេ ទោះបីជាណាហ្គា ក៏ដោយខ្ញុំគិតថាមិនខ្សោយ ហើយក៏មិនខ្លាំងលើសគ្នាដែរ អច្ចឹងយើងនៅតែមានសង្ឃឹមស្មើ ឬឈ្នះបន្តទៀតជាមួយណាហ្គា។» សម្ដីទាំងស្រុងរបស់ លោក ប្រាក់ សុវណ្ណារ៉ា។

ជុំវិញក្ដីបារម្ភសម្រាប់ការជួបជាមួយណាហ្គាវើលដ៍ អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា រូបនេះបានបន្តទៀតផងដែរថា៖ «ខ្ញុំគិតថាជារឿងធម្មតា ព្រោះយើងមិនមែនជាក្រុមដែលប្លែក ចំពោះកីឡាករក៏មិនមែនជាកីឡាករដែលប្លែក ហើយផ្ទុយទៅវិញណាហ្គា ក៏មានកីឡាករវ័យចាស់ៗច្រើន អច្ចឹងមិនមែនជាឧបសគ្គខ្លាំងសម្រាប់ក្រុមប៉ូលីសឡើយ ហើយទិសដៅឆ្នាំ២០១៩នេះ គឺជាការកសាងក្រុមឡើងវិញ ជាការផ្ដល់ឱកាសដល់យុវជនលេងឲ្យបានច្រើន ហើយយើងមិនរំពឹងរហូតដល់យកពានទេ គ្រាន់តែថាធ្វើយ៉ាងណាឲ្យកៀកជាមួយក្រុមខ្លាំងៗ និងទិសដៅឆ្នាំ២០២០ យើងនឹងធ្វើឲ្យបានល្អបំផុត។»

គួររំលឹកផងដែរ ជំនួបរវាងក្រុមទាំង២ នា៤លើកចុងក្រោយ ភាគច្រើនណាហ្គាវើលដ៍ ធ្វើបានល្អជាង អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្នុងនោះណាហ្គាវើលដ៍ ឈ្នះ៣ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះតែ១ ប៉ុណ្ណោះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់