អ្នកចាំទីភ្នំពេញក្រោនថា ប៉ះវិសាខា ពិតជាពិបាក តែសំខាន់ត្រូវខិតខំដណ្ដើម ៣ពិន្ទុឲ្យបាន!

នូ មករា April 6, 2019


ភ្នំពេញ៖ អ្នកចាំទី Leonardo Oliveira បានបង្ហាញជំហរត្រៀមខ្លួនហើយជាស្រេច ដើម្បីជួយក្លឹបភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន Smart RSN ទទួលក្លឹបវិសាខា ក្នុងជំនួបសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុចាចុងសប្ដាហ៍នេះ ។ កីឡាករប្រេស៊ីលរូបនេះ បានបញ្ជាក់ថា នេះគឺជាការប្រកួតដ៏សំខាន់ ហើយក៏ពិបាកដែរ តែសំខាន់ពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីទទួលបាន ៣ពិន្ទុជូនក្លឹប និងអ្នកគាំទ្រ។

បុរសវ័យ ២២ឆ្នាំរូបនេះ និយាយថា៖ « វាពិតជាការប្រកួតដ៏លំបាកមួយសម្រាប់ពួកយើង តែយើងក៏បានធ្វើការហ្វឹកហាត់ខ្លាំងក្លាដែរ សម្រាប់ការប្រកួតនេះ ព្រោះគោលបំណងចម្បងរបស់ពួកយើងគឺ ៣ពិន្ទុ ។ មួយវិញទៀតអ្នកគាំទ្រក៏សំខាន់ដែរ ព្រោះពួកគេជាអ្នកជំរុញទឹកចិត្តពួកយើង ពួកគេជួយយើងច្រើនណាស់ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមកគាំទ្រការប្រកួតនៅកីឡដ្ឋានរបស់យើងបានច្រើន គាំទ្រពួកយើងដល់ទីបញ្ចប់ យើងនឹងខ្លាំងទាំងអស់គ្នា»

បច្ចុប្បន្នក្រុមទាំងពីរ កំពុងចាញ់ប្រៀបគ្នា ១ពិន្ទុក្នុងតារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ប្រកួត ២សប្ដាហ៍ ដោយក្លឹបភ្នំពេញក្រោន បានបញ្ចប់ជាមួយលទ្ធផលឈ្នះ ១ និងចាញ់ ១ មាន ៣ពិន្ទុ ស្របពេលក្លឹបវិសាខា បញ្ចប់ជាមួយលទ្ធផលឈ្នះ ១ និងស្មើ ១ មាន ៤ពិន្ទុ ។ ចំពោះការប្រកួតនឹងធ្វើឡើង នាវេលាម៉ោង ៦ល្ងាច នាថ្ងៃទី០៧ ខែមេសាចុងសប្ដាហ៍នេះ ហើយត្រូវបានគេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ មិនចាញ់ពេលភ្នំពេញក្រោន បើកទ្វារផ្ទះទទួលក្លឹបបឹងកេត កាលពីថ្ងៃបើកឆាករដូវកាលឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់