ក្លឹបប៉ូលីស កំពុងបន្សាំយុវជននៅលើទីលាន ដើម្បីចូលរួមគោលដៅ SEA Games 2023

មាស សុផាណារ៉ុង April 5, 2019


 

ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហើបថាក្លឹបកំពុងបន្សាំយុវជនលើទីលានប្រកួត ដើម្បីចូលរួមគោលដៅ SEA Games 2023 របស់ថ្នាក់ដឹកនាំ ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

មិត្ត សំអែល លេខ៨២ និង ទូច ណៃឃីម លេខ១៤

២ប្រកួតកន្លងមកហើយ ដែលយុវជន ២រូបត្រូវបាន លោក ប្រាក់ សុវណ្ណារ៉ា ដាក់ឲ្យចូលលេងជម្រើស១១នាក់ដំបូង នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដែលការណ៍នេះលោកបានបង្ហើបពីមូលហេតុច្បាស់លាស់ គឺដើម្បីឲ្យយុវជនទាំងនេះបានលេង និងជាពិសេសអាចមានឱកាសជាមួយក្រុមជម្រើសជាតិនាពេលអនាគត ជាមួយនឹងឈុតយុវជនអាយុក្រោម២២ឆ្នាំ ត្រៀមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣។

អតីតអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា រូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បាទ! គោលដៅរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ គឺសំដៅទៅលើយុវជន ជាពិសេសកីឡាករដែលមានអាយុត្រូវជាមួយនឹងឆ្នាំ២០២៣ ដែលយើងមានសិទ្ធជាម្ចាស់ផ្ទះ ហើយកីឡាករ ម៉េត សំអែល គឺទើបតែមានអាយុ១៧ឆ្នាំទេ យើងឃើញស្រាប់ហើយទោះបីជាគាត់ក្មេងតែសមត្ថភាពនៃការលេងរបស់គាត់គឺមិនចាញ់ចាស់ៗ សង្ឃឹមថា ១ឆ្នាំទៅ ២ឆ្នាំទៀត គាត់នឹងល្អមែនទែន ព្រោះនេះក៏ជាគោលដៅមួយដែលបើយើងចង់ឲ្យជម្រើសជាតិយើងខ្លាំងឆ្នាំ២០២៣ ទាល់តែយើងហ៊ាននឹងដាក់កីឡាករក្មេងៗដែលត្រូវអាយុ ជាពិសេសដូចជា មិត្ត សំអែល កីឡាករ ទូច ណៃឃីម សុទ្ធតែអាយុត្រូវឆ្នាំ២០២៣ ហើយគាត់បង្ហាញបានល្អពេញតង់។»

នៅពេលដែលសួរនាំអំពីថា តើការដាក់បញ្ជូលយុវជនអាចនឹងមានការព្រួយបារម្ភដល់ទម្រង់លេងដែរឬយ៉ាងណា? លោក ប្រាក់ សុវណ្ណារ៉ា បានបន្តថា៖ «ការព្រួយបារម្ភគឺតិចតួចទេ ដោយសារគាត់លេងនៅតំបន់ដែលមិនគ្រោះថ្នាក់ តែរឿងដែលសំខាន់គឺយើងគោរពទៅតាមគោលការណ៍របស់ថ្នាក់ដឹកនាំដែលគាត់ធ្វើអ្វីៗដើម្បីជួយដល់ក្រុមជម្រើសជាតិរីកចម្រើន នេះគឺជាគោលដៅសំខាន់របស់ក្លឹបទាំងមូល។» 

សូមបញ្ជាក់ថា លទ្ធផល ២ប្រកួតកន្លងមករបស់ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដាក់បញ្ជូលយុវជនទាំង២រូបនេះ បង្ហាញខ្លួនជម្រើស១១នាក់ដំបូងទាំង ២ប្រកួតនោះ បាននឹងកំពុងនាំឲ្យក្រុមនេះឈរនៅចំណាត់ថ្នាក់លេខ១០ បន្ទាប់ពីប្រកួត២ដង ឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ ខណៈសប្ដាហ៍នេះត្រូវប៉ះ ក្រុមការពារតំណែងជើងឯក ណាហ្គាវើលដ៍ ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់