គ្រូអគ្គិសនីកម្ពុជា ទុកបទពិសោធន៍ពីការចាញ់កំពង់ចាម ជាមេរៀនត្រៀមពេលប៉ះ យុវជនបាទី

មាស សុផាណារ៉ុង April 5, 2019


 

ភ្នំពេញ៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកនៃក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ដែលនឹងត្រូវបន្តដឹកនាំក្រុមតទល់ជាមួយ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំសាលាបាល់ទាត់ជាតិបាទី ចុងសប្ដាហ៍នេះ បានរំលឹកកូនក្រុមអំពីបទពិសោធន៍ការចាញ់ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម ជាមេរៀនត្រៀមប៉ះក្រុមយុវជនមួយនេះ។

អគ្គិសនីកម្ពុជា បានរងបរាជ័យប្រកួតដំបូងក្រោមថ្វីជើងក្រុមចំណូលថ្មី ខេត្តកំពង់ចាម នៅសប្ដាហ៍ដំបូងនៃលីគកំពូលកម្ពុជា ០ទល់១ និងបន្ទាប់មកយកឈ្នះ បឹងកេត ១ទល់០ មុននឹងសប្ដាហ៍ទី៣ នេះត្រូវប៉ះយុវជនសាលាបាទី នៅលើទឹកដីរបស់ខ្លួន។

ថ្លែងក្នុងកិច្ចសម្ភាសន៍មុនការប្រកួតទល់ជាមួយ យុវជនបាទី លោក ប្រាក់ វុទ្ធី គ្រូបង្វឹកនៃក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា បានលើកឡើងថា៖ «យើងមិនបានមើលស្រាលចំពោះយុវជនបាទីទេ ប៉ុន្តែបើគិតពីបទពិសោធន៍យុវជនបាទីនៅក្រោមអគ្គិសនី ហើយនឹងក្ដីបារម្ភរបស់យើងមិនសូវជាចោទជាបញ្ហា ប៉ុន្តែយើងដាក់ជាបទពិសោធន៍មួយ នៅពេលដែលយើងលេងជាមួយកំពង់ចាម ដោយសារខេត្តកំពង់ចាម យើងគិតថាជាខេត្តមួយថ្មី កីឡាករមិនដែលមានបទពិសោធន៍នៅក្នុងលីគ អាចមានការធ្វេសប្រហែសខ្លះ អច្ចឹងយើងបរាជ័យជាមួយកំពង់ចាម ដូច្នេះជាយុវជនបាទី យើងបានដាក់ជាបទពិសោធ៍មួយគឺកុំប្រមាថលើយុវជនបាទី ១គ្រាប់ក៏៣ពិន្ទុ ២គ្រាប់ក៏៣ពិន្ទុ ដូច្នេះត្រូវធ្វើយ៉ាងម៉េចយកឲ្យបាន ៣ពិន្ទុពីយុវជនបាទីទៀត។»

សូមរំលឹកថា បន្ទាប់ពីទទួលជ័យជម្នះលើ បឹងកេត កាលពីសប្ដាហ៍មុន អគ្គិសនីកម្ពុជា បាននឹងកំពុងឈរនៅចំណាត់ថ្នាក់លេខ៨ មាន៣ពិន្ទុក្នុងដៃ ខណៈដែលត្រូវប៉ះ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ គឺនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ស្អែកនេះ នាវេលាម៉ោង ៣:៣០ នាទីរសៀលដដែល លើកីឡដ្ឋានអគ្គិសនីកម្ពុជា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់