កូនប្រុសម្ចាស់ក្លឹបបឹងកេត ​ត្រូវសាលា​បាល់​ទាត់​របស់ Barcelona កោះហៅដើម្បី​សាក​ល្បង​សមត្ថភាពសារជាថ្មី

មាស សុផាណារ៉ុង April 5, 2019


 

ភ្នំពេញ៖ កូនប្រុសម្ចាស់ក្លឹបបឹងកេត កុមារា Kasidej Vasunan​ (ហៅ​ DOME) ត្រូវបានសាលា​បាល់​ទាត់​របស់ក្លឹប Barcelona ( FCBESCOLA ) កោះហៅជាថ្មីដើម្បី​ធ្វើតេស្តសាក​ល្បង​សមត្ថភាព​ បន្ទាប់​ពី​រូបគេ​ធ្លាប់​បាន​ទៅ​ហ្វឹកហាត់​កន្លងមកនៅទីនោះ។

តាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការ ( Boeungket Academy ) របស់ក្លឹបបានបញ្ជាក់ថា «កុមារា​ Kasidej Vasunan​ (ហៅ​ DOME) ដែល​ជា​យុវជន​សាលា​បាល់ទាត់​បឹងកេត និង​ត្រូវ​ជាកូន​ប្រុស​របស់​អ្នកស្រី​ប្រធានក្លិបបឹងកេត បាន​ចេញដំណើរ​ទៅកាន់​ប្រទេសអេស្ប៉ាញ​ តាម​ការ​កោះហៅ​របស់​សាលា​បាល់​ទាត់​ក្លិប Barcelona ( FCBESCOLA ) ដើម្បី​សាក​ល្បង​សមត្ថភាព​ បន្ទាប់​ពី​រូបគេ​ធ្លាប់​បាន​ទៅ​ហ្វឹកហាត់​កន្លងមកនៅទីនោះ និង​ទទួល​បាន​ការចាប់​អារម្មណ៍ពី​ក្រុម​គ្រូបង្ហាត់។»

សំណេររបស់ក្លឹបដដែលបានបញ្ជាក់ថា ការសាកល្បង​នឹង​ប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ​ ទី០​៧ ខែ​មេសា ខាងមុខ ហើយ​ប្រសិន​បើជាប់​ នោះ DOME នឹងចូលរួម​ការហ្វឹកហាត់​ជាមួយ​ក្លឹបចាប់ពីខែ​មិថុនា តទៅ។

គួរ​បញ្ជាក់​ថា​ នេះ​គឺ​ជា​លើក​ទីបី របស់​កុមារា DOME ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ បន្ទាប់​ពី​ការ​ទៅ​ចូល​រួម​ហ្វឹកហាត់​២លើក​កន្លងមក កាលពីឆ្នាំ ២០១៨ ជាមួយ​នឹងកុមារជាច្រើន​នាក់​មកពី​ជុំវិញពិភពលោក ថែមទាំងបានហ្វឹកហាត់ជាមួយយុវជនក្នុងតំបន់ នៅសាលាបាល់ទាត់របស់ក្លឹបយក្សអេស៉្បាញដដែលនេះ ក្នុងប្រទេសសិង្ហបុរីផងដែរ៕

 

រូបភាព៖ Boeungket Academy

អត្ថបទ៖ ណារ៉ុង

មតិយោបល់