មុនប៉ះកំពង់ចាម គ្រូទ័ព ភ្ញាក់ផ្អើលពេលក្រុមនេះឈ្នះអគ្គិសនី ប៉ុន្តែរំពឹងធ្វើបានល្អនៅថ្ងៃស្អែកក្នុងជំនួបសប្ដាហ៍ទី៣

មាស សុផាណារ៉ុង April 5, 2019


 

ភ្នំពេញ៖ លោក ភា សុភ័ក្ត្រា គ្រូបង្វឹករបស់ក្រសួងការពារជាតិ បានសម្ដែងនូវក្ដីភ្ញាក់ផ្អើលពេល ក្លឹបបាល់ទាត់ខេត្តកំពង់ចាម ឈ្នះ ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ក្នុងលីគសប្ដាហ៍ដំបូង ប៉ុន្តែរំពឹងយកឈ្នះក្រុមដែលស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គមួយនេះ នៅជំនួបសប្ដាហ៍ទី៣ ស្អែកនេះ។

ថ្លែងមុនការប្រកួតមកដល់ រវាងក្រសួងការពារជាតិ ជាមួយ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម មកដល់ លោក ភា សុភ័ក្ត្រា បានបង្ហើបចំណាប់អារម្មណ៍ថា៖ «ប៉ះកំពង់ចាម យើងអត់ប្រហែសទេ យើងធ្វើអ្វីដែលយើងមាន អភិវឌ្ឍន៍ ឬបន្ថែមសមត្ថភាពដែលយើងមាន ហើយនឹងតុល្យភាពដូចគ្នា គ្រាន់តែថាយើងនឹងធ្វើការគៀបសង្កត់ឲ្យខ្លាំងជាងមុន ពីព្រោះយើងគិតថា កំពង់ចាម គេមិនមានការគ្រប់គ្រង់បាល់ល្អប៉ុន្មានឡើយ ការលេងរក្សាបាល់ល្អដូចក្រុមខ្លាំងៗទេ អច្ចឹងយើងប្រហែលជាដាក់បន្ទុកលើការគៀបសង្គត់ឲ្យបានច្រើនជាងផ្ដល់ឱកាសឲ្យគេលេង។»

នៅពេលចោទសួរអំពី លទ្ធផលដែលក្រុមចំណូលថ្មីមួយនេះ យកឈ្នះក្រុមបទពិសោធន៍ក្នុងលីគ អគ្គិសនីកម្ពុជា កាលពីជំនួបបើករដូវកាល លោកបានបន្តយ៉ាងដូច្នេះថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលដែរ ដោយសារមិននឹកស្មានថាលទ្ធផលបែបនេះ ពីព្រោះ EDC គេមានបទពិសោធន៍លេង គ្រាន់តែថាបើនិយាយពីការប្រជែងវិញ បើយើងប្រៀបធៀបវិញ EDC អត់មានការប្រជែងអន្តរជាតិទេ ដោយសារតែកីឡាកររបស់គេអត់មានបរទេស អច្ចឹងមកកំពង់ចាមវិញ គេមានការប្រជែងអន្តរជាតិដោយសារគេមានកីឡាករបរទេស នេះគឺជាការប្រៀបធៀបកម្រិតពីរផ្សេងគ្នា អច្ចឹងបើសិនជាយើងនិយាយមានន័យថាកំពង់ចាមល្អជាង ដោយសារគេមានកីឡាករបរទេស។»

សូមបញ្ជាក់ថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នឹងត្រូវប៉ះជាមួយ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម ក្នុងជំនួបសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ដោយនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ លើកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ ) ម៉ោង ៦:០០ ល្ងាច៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់