FIFA Ranking៖ កម្ពុជា ឈរលេខរៀងទី១៧៣ សម្រាប់ខែមេសា នេះ

មាស សុផាណារ៉ុង April 4, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចុះចំណាត់ថ្នាក់មួយលេខ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking  ប្រចាំខែមេសា ដែលទើបតែធ្វើការបន្ទាន់សម័យកាល ( Update ) មុននេះ។

គួររំលឹកថា កាលពីខែកុម្ភៈ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧២ និងមាន៩៧០ពិន្ទុ ខណៈខែមេសានេះវិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧៣ ស្របពេលដែលពិន្ទុបន្ថយមកនៅត្រឹម៩៦៧ពិន្ទុ ដែលបានសេចក្ដីថាថយទាំងចំណាត់ថ្នាក់ និងថយទាំងពិន្ទុ។

ឈរនៅចំណាត់ថ្នាក់នេះ បើគិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដោយឈរពីលើ ទីម័រខាងកើត នៅក្រោមគេ, ព្រុយណេ និងឡាវ ជាបន្តបន្ទាប់ ប៉ុន្តែនៅពីក្រោម ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ និងវៀតណាម ឈរនៅលើគេដដែល។ នៅក្នុងតំបន់អាស៊ីវិញ កម្ពុជា ឈរនៅលេខ៣៦ ក្នុងចំណោម៤៦ប្រទេស។

ចំណាត់ថ្នាក់នេះលេខ ៣៦ប្រចាំទ្វីបអាស៊ីផងដែរនោះ គឺបានសេចក្ដីថា កម្ពុជា ប្រាដកកៅអីនៅក្នុងការត្រៀមប្រកួតជម្រុះក្នុងពានរង្វាន់បាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ជុំបឋម នាមជាក្រុមស្ថិតនៅទីតាំងល្អជាងក្រុមបាតតារាង ៦ ផ្សេងទៀត ប្រចាំទ្វីបអាស៊ី ដោយនឹងត្រូវប៉ះក្រុមដែលមានចន្លោះចំណាត់ថ្នាក់ពី៤២ ដល់៤៦ ( ចំណាត់ថ្នាក់ប្រចាំទ្វីប ) រវាង បង់ក្លាដេស, ហ្គោម, ព្រុយណេ, ទីម័រខាងកើត, ប៉ាគីស្ថាន និងស្រីលង្គារ។ ការចាប់ឆ្នោតផ្គូរផ្គង់ប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា មុននឹងការប្រកួតមក់ដល់នៅខែមិថុនា ( ថ្ងៃទី០៦ មិថុនា សម្រាប់ជើងទី១ និងថ្ងៃទី១១ មិថុនា សម្រាប់ជើងទី២ )។

ជម្រើសជាតិកម្ពុជា ប្រកួតលើកចុងក្រោយប៉ះ ជម្រើសជាតិបង់ក្លាដេស

សម្រាប់ក្រុមកំពូលទាំង១០វិញ បច្ចុប្បន្ន ប៊ែលហ្សីក នៅតែបន្តឈរលើគេដដែល តាមពីក្រោយដោយបារាំង, ប្រេស៊ីល, និងអង់គ្លេស និងជាបន្តបន្ទាប់ដូចគ្នាកាលពីខែកុម្ភៈកន្លងទៅ ពោលគឺមានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ៕

 

រូបភាព៖ FIFA.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់