គ្រូបង្វឹក ស៊ុំ វណ្ណា ដាក់គោលដៅពង្រឹងធនធានយុវជនក្រោយទទួលសញ្ញាបត្រកម្រិត A License

នូ មករា April 4, 2019


ភ្នំពេញ៖ លោក ស៊ុំ វណ្ណា គ្រូជំនួយនៃក្រុមធំភ្នំពេញក្រោន បានបង្ហាញក្តីរីករាយក៏ដូចជាគោលដៅថ្មីៗបន្ថែមទៀតបន្ទាប់ពីរូបលោកទើបតែបានទទួលសញ្ញបត្រគ្រូបង្វឹកបាល់ទាត់កម្រិត AFC “A” License កាលពីពេលថ្មីៗនេះរួចមក។

គ្រូបង្វឹកដែលមានបទពិសោធន៍មិនតិចឆ្នាំនៅក្នុងវិស័យបាល់ទាត់កម្ពុជារូបនេះបានថ្លែងថា៖ “សញ្ញបត្រកម្រិត A នេះមានសារៈសំខាន់មែនទែនសម្រាប់ខ្ញុំ ព្រោះវាទាក់ទងយ៉ាងលម្អិតទៅលើការរៀបចំទម្រង់លេង ការរៀបចំការប្រកួត ការរៀបចំគម្រោងហ្វឹកហាត់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំឆ្នាំ ជាពិសេសរួមទាំងការដឹកនាំ​ និងរៀបចំក្លឹបថែមទៀតដោយអនុវត្តតាមស្តង់ដារក្លឹបបាល់ទាត់អាជីព ដោយមានទាំងរចនាសម្ព័ន្ធ ​និងគោលដៅច្បាស់លាស់។”


ជាមួយគ្នានេះលោកបានបន្ថែមថា៖ “ក្នុងវគ្គនេះពិតជាបានជួយខ្ញុំច្រើនណាស់ដូចជាលើការរៀបចំក្រុម និងការជ្រើសរើសកីឡាករពិសេសការពង្រឹង និងបណ្តុះបណ្តាលធនធានយុវជន ដើម្បីជាគុណប្រយោជន៍ក្នុងការកសាងកីឡាករអាជីព ព្រមទាំងយុទ្ធសាស្ត្រល្អៗសម្រាប់រៀបចំក្រុមត្រៀមការប្រកួតនានា ជារួមគឺវាមានភាពលម្អិតច្រើនជាងកាលរៀនវគ្គមុនៗ”។ លោកបានបញ្ជាក់ផងដែរថា៖ “អ្វីដែលសំខាន់ក្រោយទទួលសញ្ញាបត្រកម្រិត A License នេះគឺការអភិវឌ្ឍន៍ធនធានយុវជនដោយធ្វើយ៉ាងណាឱ្យពួកគេក្លាយជាកម្លាំងចលករដ៏មានសក្តានុពលសម្រាប់ក្លឹបភ្នំពេញក្រោន និងរួមចំណែកដើម្បីឱ្យក្លឹបរក្សាបានតំណែងល្អនៅ MCL 2019 នេះ។”

សូមបញ្ជាក់ថា លោកគ្រូ ស៊ុំ វណ្ណា ដែលមានសមត្ថភាពអាចនិយាយច្រើនភាសាផងនោះ បានបញ្ចប់បរិញ្ញាបត្រផ្នែកអប់រំកាយ និងកីឡានៅសាធារណៈរដ្ឋគុយបា នាឆ្នាំ២០១០ និងបន្តរៀនបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធនធានមនុស្សនៅសកលវិទ្យាល័យបញ្ញាសាស្ត្រថែមទៀត។ ជាមួយគ្នានេះ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកបាល់ទាត់ចាប់ពីឆ្នាំ២០១៣ ជាមួយក្រុមបៀលប្រាយយូណាយធីត បន្ទាប់មកនៅឆ្នាំ២០១៦ ជាគ្រូបង្វឹកនៅក្រុមស៊ីម៉ាក់ ហើយបន្តដល់ឆ្នាំ២០១៧ ជាគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញ និងកាលពីឆ្នាំមុនលោកក៏ជាគ្រូបង្វឹកក្រុមធីអិនកណ្តាលផងដែរ មុននឹងត្រូវបានគ្រូបង្វឹកប្រេសុីល លោក Leonardo ផ្តល់តំណែងជាគ្រូជំនួយនៅក្រុមភ្នំពេញក្រោនកាលពីចុងឆ្នាំ២០១៨ កន្លងមក៕


អត្ថបទ៖ មករា

មតិយោបល់