ចាន់ វឌ្ឍនាកា បង្កើតកំណត់ត្រាថ្មីនៅម៉ាឡេស៊ី បន្ទាប់ពីជួយក្រុម PKNS ឡើងវគ្គ ១/៨ នៃពាន Malaysia FA Cup

មាស សុផាណារ៉ុង April 4, 2019


 

ម៉ាឡេស៊ី៖ ខ្សែប្រយុទ្ធជួរមុខក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា រកគ្រាប់បាន ១គ្រាប់បន្ថែមទៀតកាលពីយប់មិញ ដោយជួយឲ្យក្រុមដែលខ្លួនកំពុងប្រកបអាជីពជាមួយ PKNS យកឈ្នះក្រុម Melaka ក្នុងលទ្ធផល ៣-២ ដើម្បីបន្ដដំណើទៅវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ Malaysia FA Cup 2019 កាលពីយប់មិញ។

ជាមួយនឹងការបង្ហាញខ្លួនពេញ ៩០នាទី ចាន់ វឌ្ឍនាកា គឺជាអ្នករកបានគ្រាប់ទី២ ឲ្យក្រុម PKNS នៅនាទី៦៥ បន្ទាប់ពីមិត្តរួមក្រុមកីឡាករ K.Gurusamy រកបានគ្រាប់ដំបូង នៅនាទី៤៣ និងកីឡាករ Kpah Sherman ធ្វើបានសម្រេចគ្រាប់ទី៣ បន្ទាប់ពីកីឡាករ ចាន់ វឌ្ឍនាកា ទាត់បំប៉ោងសំណាញ់ទីក្រុម Melaka រយៈពេល ២នាទី។ តែចុងម៉ោងក្រុម Melaka ក៏វាយបកបាន ២គ្រាប់ មុនហាលអាវផងដែរ។

អ្វីដែលជាការចាប់អារម្មណ៍គ្រាប់បាល់របស់ វឌ្ឍនាកា កាលពីយប់មិញធ្វើឲ្យគេមានកំណត់ត្រាផ្ទាល់ខ្លួនថ្មីមួយទៀត នៅក្នុងបាល់ទាត់ម៉ាឡេស៊ី ពោលគឺបានក្លាយជាកីឡាករកម្ពុជា ដំបូងគេដែលរកគ្រាប់បាល់បានក្នុងពានកម្រិតទី២ ប្រចាំប្រទេសម៉ាឡេស៊ី ( Malaysia FA Cup ) នេះផ្ទាល់តែម្ដង បើប្រៀបធៀបទៅនឹងមិត្តរួមសញ្ជាតិ ជារី ចន្ថាប៊ីន, កែវ សុខផេង ( សុខផេង រកគ្រាប់បាល់បានក្នុងលីគ ) និង ប្រាក់ មុន្នីឧត្តម។

គួរបញ្ជាក់ថា នេះគ្រាប់បាល់ទី២ ដែលកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា បានទាត់បំប៉ោងសំណាញ់ទីគូប្រកួត ក្រោយត្រឡប់ទៅប្រកបអាជីពជាមួយក្លឹប PKNS នៅលីគកំពូលម៉ាឡេស៊ីជាថ្មី ហើយក៏ធ្លាប់បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចប់ទីចំនួន ៧លើកដែរ៕

 

រូបភាព៖ PKNS

អត្ថបទ៖ បុត្រា

មតិយោបល់