ព្រះខ័នរាជស្វាយរៀង គាំទ្រពេញទំហឹង ចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា

មាស សុផាណារ៉ុង April 3, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះមូលនិធិគន្ធបុប្ឋាកម្ពុជា ក្រោយជួបសំណេះសំណាលជាមួយលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិមន្ទីរពេទ្យគន្ធបុប្ឋាកម្ពុជា កាលពីព្រឹកមិញ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក សេង សាមឌី តំណាងក្លឹបព្រះខ័នរាជស្វាយរៀង បានលើកឡើងថា កីឡាករបានយល់ដឹងច្រើនអំពីមូលនិធិសប្បុរសធម៌នេះ ដូច្នេះក្រោយជួបជែកជាមួយលោកជំទាវ ងួន សុខា ក្លឹបនឹងមានកិច្ចប្រជុំជាមួយគណៈគ្រប់គ្រងក្លឹប ដើម្បីកៀងគរការចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាធ្វើការផ្សព្វផ្សាយ តាមរយៈក្លឹប និងកីឡាកររបស់ខ្លួន ដើម្បីអំពាវនាវដល់មហាជន ពិសេសអ្នកគាំទ្រចូលរួមផងដែរ។

បន្ថែមលើនេះ លោកបានសម្ដែងការគាំទ្រពេញទំហឹង ចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបង្ហាញឲ្យឃើញពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសម្រាប់អ្នកមានលទ្ធភាព ក្នុងការបរិច្ចាគថវិកាចូលរួមជាមួយមូលនិធិនេះ ដោយឈរលើស្មារតីខ្មែរ ជួយខ្មែរ។

តែក្រៅពីអំពាវនាវឲ្យមានការចូលរួមបរិច្ចាគជាថវិកា ឆ្លៀតក្នុងឱកាសនោះ តំណាងក្លឹប និងកីឡាករមួយចំនួន ក៏បានចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកជាមួយភាពខ្វះខាត និងជួយកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

សូមបញ្ជាក់ថា មូលនិធិមន្ទីរពេទ្យគន្ធបុប្ឋាកម្ពុជា គឺជាមូលនិធិសប្បុរសធម៌ ដែលបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោមគោលបំណងសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ ទូទាំងប្រទេសកម្ពុជា៕

 

រូបភាព៖ ព្រះខ័នរាជស្វាយរៀង – Preah Khan Reach Svay Rieng FC

អត្ថបទ៖ បុត្រា

មតិយោបល់