ភ្នំពេញក្រោន បាត់បង់ខ្សែប្រយុទ្ធជួរមុខមួយរូបត្រឹម ២សប្ដាហ៍ដំបូង នៅមុនប៉ះវិសាខាចុងសប្ដាហ៍នេះ

មាស សុផាណារ៉ុង April 3, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានជូនដំណឹងថា ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Darlan Martins បានបង្ខំចិត្តទៅប្រទេសកំណើតភ្លាមៗ បន្ទាប់ពីរង់របួសស្មាធ្ងន់ធ្ងរកាលពីពេលថ្មីៗ។ ដូច្នេះស្របពេលក្លឹបភ្នំពេញក្រោន ត្រៀមបើកទ្វារកីឡដ្ឋាន Smart RSN ទទួលក្រុមវិសាខា ក្នុងជំនួបសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជាចុងសប្ដាហ៍នេះ Darlan នឹងមិនអាចជួយមិត្តរួមក្រុមបានឡើយ។

អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះ បានជូនដំណឹងលើប្រព័ន្ធផ្សព្វផ្សាយខ្លួនថា «ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអ្នកគាំទ្រឲ្យបានជ្រាបថា កីឡាករ Darlan Martins ដែលជាខ្សែប្រយុទ្ធកណ្តាលរបស់យើង បានចាកចេញទៅប្រទេសប្រេស៊ីល ដើម្បីព្យាបាលបញ្ហារបួស ក្រោយរូបគេត្រូវទទួលរងការប៉ះទង្គិចស្មាយ៉ាធ្ងន់ធ្ងរនាពេលកន្លងមក» ។

ចំពោះមូលហេតុដែលកីឡាករសញ្ចាតិប្រេស៊ីលវ័យ២៤ឆ្នាំ រូបនេះរងរបួស គឺដោយសារតែជួបនូវឧបត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីៗ ក្នុងពេលដែលលីគកំពូលកម្ពុជាសម្រាក។

ភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួតក្នុងដីដ៏សំខាន់ចុងសប្ដាហ៍នេះ ជាមួយក្រុមកំពុងឡើងជើងវិសាខា នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៧ ខែមេសា ខាងមុខ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតបើកឆាករដូវកាលថ្មី ឈ្នះ១ ពោលគឺឈ្នះក្រុមម្ចាស់ផ្ទះយុវជនសាលាបាល់ទាត់ជាតិបាទី U18 ២-០ និងចាញ់១ គឺចាញ់ក្រុមភ្ញៀវ បឹងកេត ៣-២។

ចំពោះស្ថានភាពរបួសរបស់កីឡាករម្ចាស់អាវលេខ៩ Darlan Martins យ៉ាងណា ត្រូវបានក្លឹបភ្នំពេញក្រោន អះអាងថា នឹងធ្វើការផ្សព្វផ្សាយ និងជម្រាបជូនសាធារណៈជននាពេលក្រោយ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់