លោក មាស ចាន់ណា ថាកីឡាករកម្ពុជាមួយចំនួនធំខ្វះការអប់រំផ្នែកបាល់ទាត់

មាស សុផាណារ៉ុង April 2, 2019


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ណាហ្គាវើលដ៍ បានបង្ហើបថា កីឡាករកម្ពុជាមួយចំនួនធំខ្វះការអប់រំផ្នែកបាល់ទាត់។ ការថ្លែងបែបនេះគឺបន្ទាប់ពី ណាហ្គាវើលដ៍ ប្រកួតចាញ់ក្រុមរបស់សិង្ហបុរី Tampines Rovers ក្នុងជំនួបទី៣ ប្រចាំពូល F នៃពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) មុននេះបន្តិច។

ណាហ្គាវើលដ៍ នាមជាម្ចាស់ផ្ទះ បានរងបរាជ័យមិនគួរឲ្យជឿបន្ទាប់ពីនាំមុខមុន នៅវគ្គទី១ នាទី២៤ ជាមួយនឹងការគ្រប់គ្រងបាល់ស្ទើរពេញវគ្គទី១ តែក៏របូតគ្រាប់បាល់នៅនាទី៤៥ ក្បែរចប់ការប្រកួទៅហើយ ដោយការមិនយល់ចិត្តគ្នារវាងកីឡាករ និងកីឡាករ និងវគ្គទី២ Tampines Rovers ជាអ្នកគ្រប់គ្រងការប្រកួតទាំងមូលរហូតដល់បន្ថែមគ្រាប់បាល់ ៤គ្រាប់ សរុបចប់ការប្រកួត ១ទល់៥។ ដែលការណ៍នេះនាំឲ្យ លោក មាស ចាន់ណា សម្ដែងការមិនពេញចិត្តចំពោះកូនក្រុម និងដាក់បន្ទុកថាខ្វះការអប់រំផ្នែកបាល់ទាត់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក មាស ចាន់ណា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាការប្រកួតមួយនេះ នៅតង់ទី១យើងធ្វើបានល្អមែនទែន នៅនាទី៣០ជាង ក៏យើងនៅតែគ្រប់គ្រងបាល់បានច្រើនជាង Tampines Rovers ដោយ Tampines Rovers សឹងតែរកឱកាសរកគ្រាប់បាល់មិនបាន តែអកុសល ដែលគេទាត់ចូលដោយប្រចាំគ្នា ខ្ញុំគិតថាអ្វីៗល្អនៅតង់ទី១ តែចាប់ផ្ដើមតង់ទី២ គឺយើងមានបញ្ហាខ្លាំងមែនទែន។ ទាក់ទងទាំងអស់នេះដែរសំខាន់បំផុតគឺការប្រមូលអារម្មណ៍ ដល់ចប់ចុងចប់ដើម ដំបូងនាទីទី១ ដល់៣០, ៣៥, ៤០ ការប្រមូលអារម្មណ៍ខ្លាំង ទាល់តែចុងក្រោយពេលដែលក្ដៅតិចតួច ហត់តិចតួច ចាប់ផ្ដើមធ្លាក់ការប្រមូលអារម្មណ៍ កាលណាបើធ្លាក់តែ ១វិនាទី ឬក៏៥វិនាទី ១០វិនាទី គឹអាចទាត់ចូលយើងបានហើយ។»

គ្រូបង្វឹកវ័យ៣៩ឆ្នាំដដែលរូបនេះបានបន្ត ជុំវិញមូលហេតុនៃការបាត់បង់ការប្រមូលអារម្មណ៍នៅវគ្គទី២ ថា៖ «បើសិនជាខ្ញុំអ្នកលេង ខ្ញុំប្រាកដជាឆ្លើយស្រួល ប៉ុន្តែគាត់ជាអ្នកបង្ហាញ ខ្ញុំជាអ្នកបញ្ជា តែអ្វីៗ ដូចខ្ញុំនិយាយតាំងពីដើម កីឡាករកម្ពុជា មួយចំនួនធំគឺខ្វះការអប់រំផ្នែកបាល់ទាត់ អុីចឹងនៅពេលខ្វះការអប់រំ ពេលណាយើងមានឱកាសតែទាត់អត់ចូល ពេលណាទាត់អត់ចូលចាប់ផ្ដើមមានការធ្លាក់អារម្មណ៍ បើសិនជាមានការអប់រំផ្នែកបាល់ទាត់ បាល់ទាត់គឺត្រូវមានការអប់រំផ្នែកចិត្តសាស្ត្រ និងការលេង ទាត់ចូលគេ ឬក៏មិនទាត់ចូលគេ គឺត្រូវតែរក្សាជំហររបស់យើងនៅតែខ្លាំង ប៉ុន្តែនៅពេលដែលមានឱកាសទាត់គេហើយ តែទាត់អត់ចូលចាប់ផ្ដើមទម្លាក់ការប្រមូលអារម្មណ៍ ចាប់ផ្ដើមទម្លាក់ការយកចិត្តទុកដាក់។»

សូមរំលឹកថា លទ្ធផលពីការប្រកួតរវាង ណាហ្គាវើលដ៍ ជាមួយ Tampines Rovers បានបញ្ចប់ទៅដោយលទ្ធផល ១ទល់៥ ដោយគ្រាប់បាល់ ១គ្រាប់របស់ ណាហ្គាវើលដ៍ ធ្វើបានសម្រេចដោយកីឡាករ ​គួច ដានី នៅនាទី២៤ ខណៈ៥គ្រាប់របស់ Tampines Rovers ទាត់ចូលដោយកីឡាករ ​Jordan Webb នៅនាទី៤៥ និងនាទី៦៦, កីឡាករ Zehrudin Mehmedović នៅនាទី៥៧, កីឡាករ Delimedjac នៅនាទី៩០+១ និងគ្រាប់ចុងក្រោយនៅនាទី៩០+៣ ដោយកីឡាករ Ryutaro Megumi៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់