កំពុងពេញចិត្តយុវជនរបស់ខ្លួន តែគ្រូណាហ្គា មិនទាន់ប្រាកដថាអាចដាក់ឲ្យចូលលេងក្នុងជំនួបល្ងាចនេះ

មាស សុផាណារ៉ុង April 2, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់ លោក មាស ចាន់ណា ដែលជាគ្រូបង្វឹកមួយរយៈចុងក្រោយនេះ ពានព្យាយាមបន្សាំយុវជនរបស់ខ្លួនឲ្យចូលរួមប្រកួតជាពិសេសនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងថែមទាំងទទួលការពេញចិត្តពីគ្រូបង្វឹកផងដែរ ជាក់ស្ដែងនៅក្នុងការប្រកួតទល់នឹង ក្រសួងការពារជាតិ កាលពីចុងសប្ដាហ៍កន្លងទៅ។

ទទួលការពេញចិត្តក៏ពិតមែន តែយ៉ាងណាមិញសម្រាប់ការប្រកួតទល់នឹង Tampines Rover ក្នុងជំនួបទី៣ ជម្រុះពូល F នៃពានរង្វាន់ជើងឯកក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2019 ) ល្ងាចនេះ លោក មាស ចាន់ណា ហាក់នៅមិនទាន់ប្រាកដថានឹងអាចដាក់យុវជនរបស់លោកឲ្យចូលលេងនៅឡើយ ដោយសារផ្អែកលើកត្តាបទពិសោធន៍ និងជាពិសេសលទ្ធផលផងដែរ។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមកដល់ នាវេលាម៉ោង ៥ល្ងាចថ្ងៃទី០២ ខែមេសា ម្សិលមិញនេះ លោក មាស ចាន់ណា បានលើកឡើងថា៖ «បាទ ខ្ញុំតែងតែសរសើរដល់កីឡាករវ័យក្មេងរបស់ខ្ញុំ ទាក់ទងនឹងកម្លាំង ភាពរហ័សរហួន ភាពខ្លាំង ល្បឿន បច្ចេកទេស គាត់មានដូចកីឡាករវ័យអច្ចឹង សឹងតែគាត់រហ័សរហួនជាង សឹងតែគាត់កម្លាំងជាងផង ក៏ប៉ុន្តែចំណុចដែលសំខាន់គឺទាក់ទងនឹងបទពិសោធន៍ គឺវាសំខាន់ណាស់សម្រាប់នៅលើទីលាន អច្ចឹងសម្រាប់ការប្រកួតនេះខ្ញុំអត់ទាន់សន្មតថាតើខ្ញុំបន្តប្រើយុវជនបន្តទៀត ឬក៏យ៉ាងម៉េចទេ បើទោះបីមិនប្រើក៏មានកាលៈទេសៈណាប្ដូរចូលដែរ ព្រោះដោយសារខ្ញុំគិតថាវាទាក់ទងនឹងលទ្ធផលដូចគ្នា យើងខុសគ្នាតែមួយពិន្ទុទេ អច្ចឹងបើយើងឈ្នះ យើងមានឱកាសច្រើនជាងនេះ។»

លោកក៏មានយោបល់ជុំវិញការប្រកួតផងដែរ ដោយរំពឹងថានឹងមានគុណសម្បត្តិពីការប្រកួតខ្លះដោយផ្អែកលើការផ្លាស់ប្ដូរម៉ោងប្រកួត ជាមួយនឹងការមានទំនុកចិត្តជាងមុននៅពេលដែលលេងនៅម៉ោងដែលក្រុមនេះស៊ាំនៅពេលហ្វឹកហាត់។

ចាំបានថា កាលពីជំនួបជាមួយ ក្រសួងការពារជាតិ កាលពីចុងសប្ដាហ៍កន្លងទៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ណាហ្គាវើលដ៍ បានប្រើប្រាស់យុវជនចំនួន៥រូបនៅលើទីលានរួមមាន កីឡាករ ហេង ទីណា, មួង មករា, ណា ប៊ុនណេត, រ័ត្ន ប៊ុននូ និង យ៉េត ចិត្រា។ យ៉ាងណាលទ្ធផលនៅគ្រានោះ ណាហ្គាវើលដ៍ បានរងបរាជ័យដោយលទ្ធផល ២ទល់៤ ជាបរាជ័យលើកដំបូងក្នុងលីគរបស់ណាហ្គា នៅរដូវកាល២០១៩នេះផងដែរ។

រំលឹកផងដែរថា ណាហ្គាវើលដ៍ ត្រូវប៉ះ Tampines Rovers នៅថ្ងៃទី០២ ដស្អែកនេះ ដែលនឹងធ្វើឡើងនៅវេលាម៉ោង ៥:០០ នាទីល្ងាច លើទីលានស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ ខណៈការប្រកួតក៏នឹងផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់