អ្នកចាំទី និងគ្រូរបស់ Tampines Rover ថា ណាហ្គាវើលដ៍ ជាក្រុមខ្លាំងក្នុងដី

មាស សុផាណារ៉ុង April 2, 2019


 

ភ្នំពេញ៖ “ណាហ្គាវើល គឺជាក្រុមខ្លាំង ពេលលេងក្នុងដី” នេះគឺជាសម្ដីរបស់កីឡាករ Syazwan Buhari អ្នកចាំទីរបស់ក្លឹប Tampines Rover ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនក្រុមណាហ្គាវើល ត្រូវជួបក្រុមចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលសិង្ហបុរី នាវេលាម៉ោង ៥ល្ងាចថ្ងៃទី០២ ខែមេសានេះ ក្នុងជំនួបជម្រុះពូល F នៃពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ី AFC Cup 2019 នៅពហុកីឡដ្ឋានជាតិ។

អ្នកចាំទីវ័យ ២៦ឆ្នាំរូបនេះ បានអះអាងដូច្នេះ បន្ទាប់ពីក្រុមណាហ្គាវើល បានយកឈ្នះក្រុម Yangon United របស់មីយ៉ាន់ម៉ា ២-១ ក្នុងដី ក្រោយចាញ់ក្រុមម្ចាស់ផ្ទះ Hanoi FC របស់វៀតណាម ១០-០ ក្រៅដី ។ ហេតុផលនេះ បានធ្វើឲ្យ Syazwan Buhari រក្សាការគោរពចំពោះក្រុមណាហ្គាវើល និងបានចាត់ទុការប្រកួតល្ងាចនេះ គឺជាជំនួបដ៏តានតឹងទៀតផង។

Syazwan Buhari និយាយថា «សម្រាប់ខ្ញុំជាកីឡាករ ខ្ញុំគិតថា ក្រុមណាហ្គាវើល គឺជាក្រុមខ្លាំង ពេលលេងក្នុងដី ទោះបីពួកគាត់ ធ្លាប់ចាញ់ Hanoi តែពេលគាត់លេងក្នុងដី ជាមួយ Yagon United គាត់ឈ្នះ។ ដូច្នេះប្រកួតថ្ងៃស្អែក(ថ្ងៃទី០២-មេសា) វានឹងក្លាយជាការប្រកួតដ៏តានតឹងមួយ ហើយពួកយើង ក៏បានត្រៀមខ្លួនហើយជាស្រេច ដើម្បីការប្រកួតដ៏សំខាន់នេះដែរ។»

ចំណែកគ្រូបង្វឹករបស់ក្រុម Tampines Rover លោក Abdul Kadir Yahaya បានថ្លែងស្រដៀងកូនក្រុមថា «សម្រាប់ខ្ញុំ ការប្រកួត ឬលទ្ធផលពីមុន មិនសំខាន់នោះទេ។ គ្រូម្នាក់ៗ មានយុទ្ធសាស្ដ្រលេងខុសៗគ្នា។ ចំពោះក្រុមយើង គ្រប់ការប្រកួតត្រូវការលេង ១០០% ហើយយើងរឹតតែមិនអាចមើលងាយណាហ្គា ចំពោះ គឺយើងត្រៀមខ្លួនជាស្រេច ទាំងបច្ចេកទេស តាក់ទិច និងក្រុមទាំងមូល ដើម្បីការប្រកួតនេះ»។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុម Tampines Rover កំពុងកាន់ ៤ពិន្ទុស្មើក្រុមវៀតណាម Hanoi FC និងតាមពីក្រោយដោយក្រុមជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើល ដែលមាន ៣ពិន្ទុក្នុងដៃ។ ដូច្នេះការប្រកួតល្ងាចនេះ អាចចាត់ទុកជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ក្នុងការប្រជែង ៣ពិន្ទុ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់