លោក មាស ចាន់ណា សង្ឃឹមប្ដូរម៉ោងប្រកួតជួយឲ្យណាហ្គាវើលដ៍ មានគុណសម្បត្តិពេលប៉ះ Tampines Rovers

មាស សុផាណារ៉ុង April 1, 2019


 

ភ្នំពេញ៖ ណាហ្គាវើលដ៍ នឹងត្រូវតតាំងក្នុងជំនួបទី៣ ប្រចាំពូល F នៃពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ( ​AFC Cup 2019 ) ជាមួយនឹង Tampines Rovers នៅថ្ងៃស្អែក ខណៈមុនការប្រកួតមកដល់ លោក មាស ចាន់ណា សង្ឃឹមប្ដូរម៉ោងប្រកួតជួយឲ្យណាហ្គាវើលដ៍ មានគុណសម្បត្តិពេលប៉ះក្រុមរបស់សិង្ហបុរី មួយនេះ។

តាមការរៀបចំរបស់គណៈកម្មាការប្រកួត ការប្រកួតរវាង ណាហ្គាវើលដ៍ ជាមួយ Tampines Rovers នឹងត្រូវផ្លាស់ប្ដូរម៉ោងប្រកួត ពីការប្រកួតម៉ោងជាទូទៅ ៦:៣០ នាទីល្ងាច មកប្រកួតនៅម៉ោង ៥:០០ នាទីល្ងាចវិញ ដែលនាំឲ្យក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ ហាក់មានទំនុកចិត្តជាងមុននៅពេលដែលលេងនៅម៉ោងដែលក្រុមនេះស៊ាំនៅពេលហ្វឹកហាត់។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកូតមកដល់ លោក មាស ចាន់ណា មានយោបល់យ៉ាងដូច្នេះថា៖ «ចំពោះការផ្លាស់ប្ដូរមកលេងម៉ោង ៥ដល់ម៉ោង៧ គឺជាចំណុចល្អមួយសម្រាប់ខ្ញុំ អ្វីដែលកន្លងមកភាគច្រើនពួកខ្ញុំហាត់នៅម៉ោង៣ អច្ចឹងចន្លោះពីម៉ោង ៣ដល់ម៉ោង៥ គឺវានៅក្ដៅ ខណៈខែនេះដឹងតែក្ដៅហើយ អច្ចឹងយ៉ាងហោចណាស់ក៏យើងបានលេងកន្លះម៉ោងទៀតដែរ បានធ្លាក់ត្រជាក់មកវិញ អច្ចឹងខ្ញុំគិតថាវាជាចំណុចល្អមួយសម្រាប់យើងនៅតង់ទី១ ដែលយើងលេងម៉ោង ៥នេះ អច្ចឹងអត់មានផលប៉ះពាល់ដល់យើងទេ មានតែល្អដល់យើងវិញ។»

មានយោបល់ជុំវិញគូប្រកួតវិញ គ្រូបង្វឹកវ័យ៣៩ឆ្នាំរូបនេះ បានបន្តថា៖ «សម្រាប់ការប្រកួតជាមួយ Tampines Rovers គឺជាការប្រកួតមួយដែលមិនមែនជាការងាយស្រួលនោះទេ បើទាក់ទងជាមួយទីលានវិញ យើងដឹងហើយនៅសិង្ហបុរី គេលេងនៅលើទីលានសិប្បន្មិមិត្តភាគច្រើនដូចគ្នា អច្ចឹងមិនមែនជាការងារស្រួលទេ ប៉ុន្តែអ្វីដែលខ្ញុំរំពឹងខ្ពស់គឺទឹកដីមួយនេះ ដែលជាទឹកដីសំណាង ជាទីលានដែលខ្ញុំគិតថាកីឡាករខ្ញុំធ្វើបានល្អ ដោយយើងមានបទពិសោធន៍ជោគជាំនៅលើទីលានមួយនេះ ដូច្នេះខ្ញុំគិតថាអ្វីៗនឹងល្អប្រសើរសម្រាប់ខ្ញុំនៅថ្ងៃស្អែក។»

គួរបញ្ជាក់ថា ណាហ្គាវើលដ៍ ត្រូវប៉ះ Tampines Rovers នៅថ្ងៃទី០២ ដស្អែកនេះ ដែលនឹងធ្វើឡើងនៅវេលាម៉ោង ៥:០០ នាទីល្ងាច លើទីលានស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ ខណៈការប្រកួតក៏នឹងផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់