ឈ្នះ ២ប្រកួតផ្ទួនៗ តែគ្រូស្វាយរៀងថា មិនហ៊ានសូម្បីគិតរឿងជើងឯក!

មាស សុផាណារ៉ុង April 1, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ថាលោកមិនទាន់ហ៊ានគិតរឿងជើងឯក នៃលីគកំពូលកម្ពុជានោះទេ ទោះបីក្រុមខ្លួនបានទទួលជ័យជម្នះ ក្នុងការប្រកួតសប្ដាហ៍ទី២ លើក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ១-០ កាលពីចុងសប្ដាហ៍កន្លងទៅក៏ដោយ។

គ្រូបង្វឹកសញ្ជាតិអៀកឡង់រូបនេះ បាននិយាយថា៖ «នៅពេលយើងទើបលេងបាន ២ប្រកួត គឺមិនអាចសូម្បីតែគិត និងនិយាយអ្វីទាំងអស់អំពីជើងឯក។ ដោយនៅពេលយើងឈ្នះ ២ប្រកួតកន្លងមក គឺត្រូវតែគិតឈ្នះការប្រកួតទី៣។ សម្រាប់ការមិនរបូតគ្រាប់បាល់វិញជាលទ្ធផលមួយបង្ហាញថាក្រុមទាំងមូលធ្វើការខ្លាំង និងគោរពវិន័យ។» ការថ្លែងបែបនេះ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង បានឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី២ ក្រោយឈ្នះ ២ប្រកួតផ្ទួន ពោលគឺឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២-០ និងឈ្នះក្រុមសូលទីឡូអង្គរ ១-០ ដោយការពារសំណាញ់ទី មិនឲ្យរបូតគ្រាប់បាល់សូម្បី ១គ្រាប់ឡើយ។

ចំពោះការយកឈ្នះក្រុមមានមូលដ្ឋាននៅសៀមរាបខាងលើ លោក Conor ថា៖ «ក្រុមទាំងពីរ ពិតជារៀបចំបានល្អ និងមានឆន្ទៈ ប៉ុន្តែជាចៃដន្យ មិនអាចលេងដោយបច្ចេកទេសប្រសើរ ដោយសារតែបញ្ហាទីលានដ៏គ្រោះថ្នាក់បំផុត….។ វាពិតជាពិបាកក្នុងការបង្កើតឧកាសពីការលេងថ្ងៃនេះ ព្រោះតែយើងមិនអាចបញ្ជូនបាល់នៅលើទីលាន ដូច្នេះយើងពឹងផ្អែកលើការលើកបាល់ និងបាល់ set pieces។»

ក្រុមព្រះខ័នរាជស្វាយរៀង ជាបណ្ដោះអាសន្នពេលនេះ ពួកគេកំពុងឈរកំពូលតារាង និងមាន ៦ពិន្ទុ នាំមុខគូប្រជែង ដែលឈរលេខរៀងបន្ទាប់ពីខ្លួនចំនួន ២ពិន្ទុ ។ ចំពោះប្រកួតបន្ទាប់ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ នឹងបន្ដប្រកួតក្រៅដី ដោយត្រូវជួបក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខ នៅទឹកដីខេត្តតាកែវ ៕

 

រូបភាព៖ ព្រះខ័នរាជស្វាយរៀង – Preah Khan Reach Svay Rieng FC

អត្ថបទ៖ បុត្រា

មតិយោបល់