គ្រូអគ្គិសនីកម្ពុជា ថាមិនរំពឹង៣ពិន្ទុពីបឹងកេត ខណៈគោលដៅចំបងត្រឹមតែស្មើ

មាស សុផាណារ៉ុង April 1, 2019


 

ភ្នំពេញ៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកនៃក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា បានលើកឡើងនៅក្រោយយកឈ្នះ បឹងកេត ថាមិនរំពឹង៣ពិន្ទុ ពីក្រុមជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលមួយនេះ ខណៈគោលដៅចំបងត្រឹមតែស្មើប៉ុណ្ណោះ។

ជំនួបសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា អគ្គិសនីកម្ពុជា ដែលមានគ្នាតែ១០នាក់ ( ក្រោយកីឡាករ ប៊ិន ឧត្តម ទទួលកាតក្រហម នៅនាទី៧៥ ) បានយកឈ្នះ បឹងកេត ដោយលទ្ធផល ១ទល់០ ស្ទើរមិនគួរឲ្យជឿនូវគ្រាប់បាល់តែ ១គ្រាប់នៅនាទី៨៩ សៀន សុភ័ក្ត្រា។

ជាមួយនឹងលទ្ធផលនេះ លោក ប្រាក់ វុទ្ធី បានលើកឡើងជុំវិញការប្រកួតយ៉ាងដូច្នេះថា៖ «យើងការពិតទៅ យើងរំពឹងត្រឹមតែស្មើហ្នឹងគឺល្អពេកហើយជាមួយនឹងបឹងកេត តែយើងមានសំណាងបានឈ្នះដូច្នេះយើងគិតថាក្រោយពីបរាជ័យជាមួយកំពង់ចាម នេះគឺជាលទ្ធផលមួយដែលល្អដែលយើងសប្បាយចិត្ត ហើយនៅពេលដែលយើងបាន៣ពិន្ទុជាមួយបាទីទៀត បានន័យថាអ្វីដែលយើងបានបាត់បង់នៅប្រកួតទី១ វាបានបាត់បង់រួចទៅហើយ អច្ចឹងយើងត្រូវប្រឹងប្រែងបន្តទៀត។ ចាប់អារម្មណ៍កូនក្រុមប្រកួតនៅក្នុងថ្ងៃនេះ គឺពួកគេធ្វើតាមអ្វីដែលគ្រោងទុកបានល្អជាពិសេសគឺការការពារ យើងដាក់គោលដៅតាំងពីដើមថា ការការពារគឺ៨០ភាគរយ ប្រយុទ្ធតែ២០ភាគរយទេ យើងលើកឧទាហរណ៍ជាច្រើន ដូចជាអេស៉្បាញ លេងជាមួយ រុស្ស៊ី ដែលការពារឲ្យបានច្រើន ពីព្រោះយើងអត់មានសង្ឃឹមអ្វីក្រៅពីការការពារកុំឲ្យមានគ្រាប់តែប៉ុណ្ណេះឯង អច្ចឹងលទ្ធផលនេះគឺយើងអាចទទួលយកបាន ប៉ុន្តែពាក់ព័ន្ធជាមួយនឹងសំណាងរបស់យើងផងដែរ។»

នៅពេលដែលចោទសួរបញ្ជាក់ថា តើលោកចាត់ទុកជ័យជម្នះនេះមកពីសំណាងឬយ៉ាងណា? អតីតគ្រូបង្វឹកដែលជួយឲ្យបឹងកេត ឈ្នះជើងឯកលីគកាលពីឆ្នាំ២០១២ រូបនេះបានបន្តថា៖ «សំណាងច្រើន ពីព្រោះយើងបាត់បង់កីឡាករម្នាក់ យើងគិតថាបើចាញ់ គឺចាញ់១គ្រាប់ ឬមួយក៏អាចមិនមានសង្ឃឹមមានគ្រាប់បាល់ឡើយ ប៉ុន្តែវាបង្ករឱកាសឲ្យកើតមាន ដូច្នេះវាជាសំណាងមួយ។»

សូមបញ្ចាក់ថា បន្ទាប់ពីទទួលជ័យជម្នះលើ បឹងកេត បច្ចុប្បន្នអគ្គិសនីកម្ពុជា បាននឹងកំពុងឈរនៅចំណាត់ថ្នាក់លេខ៨ មាន៣ពិន្ទុក្នុងដៃ ក្រុមនេះត្រូវធ្វើការប្រកួតបន្ទាប់ទៀត ដោយត្រូវប៉ះ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ នៅសប្ដាហ៍ក្រោយ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់