៤ខេត្តផ្សេងគ្នា លើកពានលីគយុវជន U15, U17 និងបាល់ទាត់នារី ឆ្នាំ២០១៨-២០១៩

មាស សុផាណារ៉ុង April 1, 2019


 

បន្ទាយមានជ័យ៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ, ១៧ឆ្នាំ និងលីគបាល់ទាត់នារីកម្រិតទី១ និងទី២ ឆ្នាំ២០១៨-២០១៩ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចប់ហើយ ខណៈក្រុមសាលាតម្រង់ទិសបាល់ទាត់ខេត្តចំនួន៤ បានលើកពានផ្សេងៗ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ។

សម្រាប់លទ្ធផលវគ្គផ្ដាច់ព្រ័ត្រ នៃលីគយុវជន U15 ក្រុមសាលាតម្រង់ទិសខេត្តបាត់ដំបង គឺជាអ្នកលើកពាន បន្ទាប់ពីយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តកោះកុង ៥-៤។ ចំណែកលីគ U17 វិញ ក្រុមសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង បានយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តកណ្ដាល ៤-១ ដើម្បីគ្រងតំណែងជើងឯក នៅលើទីលានវិទ្យាល័យហ៊ុន សែន ខ្លាកូន នាខេត្តបន្ទាយមានជ័យដូចគ្នា។

ចំណែកលីគបាល់ទាត់នារីកម្រិតទី១ ក្រុមសាលាតម្រង់ទិសខេត្តស្វាយរៀង បានលើកពានទាំងពិបាក ក្រោយយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តសៀមរាប ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥-៣ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១។ ឯក្រុមសាលាតម្រង់ទិសខេត្តកំពង់ចាម បានលើកពានលីគបាល់ទាត់នារីកម្រិតទី២ ក្រោយយកឈ្នះក្រុមសាលាតម្រង់ទិសខេត្តកណ្ដាល ១-០ នៅទីលានសាកលវិទ្យាល័យមានជ័យ។

គួរដឹងថា នេះគឺជាលើកទី២ ហើយ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា បានរៀបចំលីគយុវជន និងបាល់ទាត់នារីនេះឡើង ក្នុងគោលបំណងធ្វើការអភិវឌ្ឍន៍ និងបំផុសយុវជនចូលរួមលេងកីឡាបាល់ទាត់កាន់តែច្រើន បន្ថែមលើការបង្កើតសាលាទម្រង់ទិសកីឡាបាល់ទាត់ទូទាំង ២៥រាជធានី-ខេត្ត ដើម្បីចម្រាញ់ធនធានកីឡាករ-កីឡាការិនីឆ្នើមៗត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ និងក្រោយឆ្នាំ២០២៣៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់