លោក ភា សុភ័ក្ត្រា សរសើរណាហ្គាវើលដ៍ ដែលព្យាយាមបន្សាំយុវជនរហូតបានផល

មាស សុផាណារ៉ុង April 1, 2019


 

ភ្នំពេញ៖ ក្រសួងការពារជាតិ កាលពីចុងសប្ដាហ៍កន្លងទៅបានយកឈ្នះ ក្រុមការពារតំណែងជើងឯកណាហ្គាវើលដ៍ ដោយលទ្ធផល ២ទល់៤ ទោះបីជាលទ្ធផលល្អប្រសើរយ៉ាងណា លោក ភា សុភ័ក្ត្រា ដែលជាគ្រូបង្វឹករបស់ក្រសួងការពារជាតិ បានសម្ដែងការកោតសរសើរដល់ណាហ្គាវើលដ៍ ដែលទីបំផុតបន្សាំយុវជនរបស់គេរហូតបានផល។

ថ្លែងក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួត លោក ភា សុភ័ក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាថ្ងៃនេះការងារធ្ងន់មែនទែន សម្រាប់ក្រសួងការពារជាតិ ព្រោះណាហ្គាវើលដ៍ បើនិយាយពីកម្រិតនៃការគ្រប់គ្រងបាល់ ការបង្កើតឱកាស ហើយជាពិសេសការកៀបសង្កត់ គឺធ្វើបានល្អ ហើយតាមរយៈគ្រប់គ្រងបាល់នេះយុវជនរបស់គេ ដែលគេព្យាយាមផ្សាំជាមួយនឹងការប្រកួតដើមរដូវកាល ដោយមិនខ្វល់ពីការចាញ់ក្នុងការប្រកួតមិត្តភាពចាញ់ប៉ុន្មានគ្រាប់នោះ គឺឥលូវនេះគឺបានផល ឃើញថាយុវជនរបស់ណាហ្គា មានការរីកចម្រើនខ្លាំង។»

មានយោបល់ជុំវិញកូនក្រុមរបស់លោកវិញ គ្រូបង្វឹកដែលនាំក្រសួងការពារជាតិ ឈ្នះជើងឯកពានសម្ដេចតេជោ ហ៊ុន សែន កាលពីរដូវកាល២០១៨ រូបនេះបានបន្ថែមថា៖ «ក្រឡេកមកមើលកីឡាកររបស់ក្រសួងការពារជាតិវិញ ថ្ងៃនេះ គឺគេក៏ព្យាយាមទប់ស្កាត់បាល់លើយើង យើងក៏ព្យាយាមប្រជែងបាល់លើលំហរដូចគ្នា គ្រាន់តែថាអ្វីដែលជាកលល្បិចគឺយើង រក្សាដដែលនៅពេលដែលយើងលេងជាមួយក្រុមអង្គរថាយហ្គឺរ គឺយើងបន្តការលេងជាមួយក្រុមណាហ្គា ដោយគ្រាន់តែយើងហ្វឹកហាត់រយៈពេល ២សប្ដាហ៍ក្រោយការប្រកួតជាមួយអង្គរថាយហ្គឺរ នោះគឺសម្រួច សម្រួចសមត្ថភាពកីឡាកររបស់យើងតែប៉ុណ្ណោះ ជាពិសេសនៅពេលដែលបាល់លើកចូលឲ្យបានល្អ ហើយនឹងការសម្រេចទីដោយក្បាលឲ្យបានល្អប៉ុណ្ណឹង។»

សូមបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងការពារជាតិ មិនទានស់ស្គាល់ពាក្យថាចាញ់នៅឡើយក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩ ដោយ ២ប្រកួតកន្លងមក ឈ្នះ១ និងស្មើ១ មាន៤ពិន្ទុ និងកំពុងឈរនៅលេខ៣ នៃតារាងចំណាត់ថ្នាក់សប្ដាហ៍ទី២ ខណៈសប្ដាហ៍ក្រោយត្រូវតទល់ជាមួយក្រុមចំណូលថ្មី ខេត្តកំពង់ចាម នៅលើទឹកដីរបស់ខ្លួន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់