លោក មាស ចាន់ណា សប្បាយចិត្តរឿងមួយទោះបីណាហ្គាវើលដ៍ ចាញ់ ក្រសួងការពារជាតិ ចាស់ដៃ ២ទល់៤

មាស សុផាណារ៉ុង April 1, 2019


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ណាហ្គាវើលដ៍ បានសម្ដែងនូវការសប្បាយចិត្តយ៉ាងខ្លាំងចំពោះកូនក្រុម បើទោះបីជា ការប្រកួតទល់នឹងក្រសួងការពារជាតិ កាលពីជំនួបសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា រងបរាជ័យ ២ទល់៤ ក៏ដោយ។

ភាពសប្បាយរីករាយដែលគ្រូបង្វឹកវ័យ ៣៩ឆ្នាំរូបនេះបង្ហើបឡើងនោះ គឺសំដៅទៅលើការបង្ហាញនូវទម្រង់លេងដ៏ល្អរបស់យុវជនវ័យក្មេង ដែលលោកបានផ្ដល់ឱកាសឲ្យបង្ហាញខ្លួនក្នុងការប្រកួតនេះ តាមរយៈការធ្វើបានល្អច្រើនដូចនូវអ្វីដែលលោកចង់បាន ដែលនាំឲ្យលោកកាន់តែមានទំនុកចិត្តលើយុវជនទាំងនោះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួត លោក មាស ចាន់ណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្រកួតនេះសម្រាប់ខ្ញុំ ថ្វីត្បិតតែយើងចាញ់ ក៏ប៉ុន្តែយើងសប្បាយចិត្ត ដោយឃើញកីឡាករយុវជនខ្ញុំ ៥,៦ នាក់គាត់ចូលទីលាន ការបង្ហាញរបស់គាត់បានល្អច្រើននូវអ្វីដែលខ្ញុំចង់បាន ខ្ញុំឃើញទម្រង់លេង ការរៀបចំលេង ទំនុកចិត្តរបស់គាត់គឺគាត់ល្អមែនទែន កន្លងមកយូរហើយគឺគាត់មិនដែលសូវបានបង្ហាញទេ ឥលូវបានបង្ហាញនៅពេលនេះគឺជាការបង្ហាញមួយឲ្យខ្ញុំមានទំនុកចិត្តលើគាត់ សម្រាប់ប្រកួតក្រោយៗទៀត អច្ចឹងប្រកួតក្រោយៗនៅពេលដសែលខ្ញុំចាប់ផ្ដើមដូរគាត់ចូល ឬក៏ជម្រើស១១នាក់ដំបូង ខ្ញុំដឹងថាគាត់អាចមានលទ្ធភាពធ្វើបាន។ ធម្មតាពេលហ្វឹកហាត់យើងដឹងកម្រិតគាត់ហើយ តែពេលប្រកួតយើងដឹងកម្រិតផ្សេង អាចជួនកាលគាត់ល្អពេលហ្វឹកហាត់ តែពេលប្រកួតគាត់អត់ល្អ ប៉ុន្តែខ្ញុំសង្កេតឃើញថាពួកគាត់ពេលហ្វឹកហាត់ធ្វើបានហើយ ហើយពេលប្រកួតធ្វើបានល្អទៀត ជាពិសេសលេងជាមួយក្រុមខ្លាំងគាត់ធ្វើបានល្អទៀត ដូច្នេះអ្វីដែលខ្ញុំគួរធ្វើបន្តនោះ គឺកាន់តែឲ្យពួកគាត់មានទំនុកចិត្តបន្តទៀត។»

គ្រូបង្វឹកដដែលរូបនេះបានបន្តជុំវិញការប្រកួតទៀតថា៖ «ប្រកួតនេះផងដែរ ទាក់ទងនឹងយើងចាញ់អាចថាគ្មានសំណាង ប៉ុន្តែវាអត់អី បាល់ទាត់គឺបែបនេះ អច្ចឹងយើងនឹងព្យាយាមបន្តទៀត សប្បាយចិត្តពួកគាត់ធ្វើបានល្អច្រើន ធ្វើបានល្អច្រើនមែនទែន ទោះបីជាការពារប្រើអ្នកថ្មីច្រើន បម្រើអ្នកថ្មីក៏មានច្រើន គាត់នៅធ្វើបានល្អ ហើយពួកគាត់ធ្វើឲ្យខ្ញុំសប្បាយចិត្ត ទើបតែអាយុ ១៧, ១៨ឆ្នាំ គាត់ធ្វើបានល្អប៉ុណ្ណឹង អច្ចឹងខ្ញុំត្រូវតែបន្តទៀត ព្រោះខ្ញុំបាននិយាយតាំងពីដើមមក បើមានឱកាសខ្ញុំនឹងរុញកីឡាករលេងឲ្យបានច្រើនសម្រាប់យុវជន ទោះបីជាបាត់បង់ ៣ពិន្ទុប៉ុន្តែខ្ញុំសប្បាយចិត្ត។»

គួររំលឹកផងដែរថា ការប្រកួតរវាងណាហ្គាវើលដ៍កាលពីចុងសប្ដាហ៍កន្លងទៅត្រូវបានសង្គេតឃើញថាបានប្រើប្រាស់យុវជនចំនួន៥រូបនៅលើទីលានរួមមាន កីឡាករ ហេង ទីណា, មួង មករា, ណា ប៊ុនណេត, រ័ត្ន ប៊ុននូ និង យ៉េត ចិត្រា។

ងាកមកលទ្ធផលបច្ចុប្បន្នរបស់ ណាហ្គាវើលដ៍ វិញបន្ទាប់ពីចាញ់ក្រសួងការពារជាតិ ក្រុមការពារតំណែងជើងឯកមួយនេះបានធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ៩ ក្រោយប្រកួត២ដង ឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ និងសប្ដាហ៍បន្ទាប់ត្រូវតទល់ជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់