បរាជ័យ ២ប្រកួតជាប់ៗគ្នា តែគ្រូអាស៊ីអ៊ឺរ៉ុបយូណាយធីត នៅតែសង្ឃឹមថាកូនក្រុមនឹងធ្វើបានល្អជាងរដូវកាលមុន

មាស សុផាណារ៉ុង April 1, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លឹបបាល់ទាត់អាស៊ីអ៊ឺរ៉ុបយូណាយធីត លោក សុក វាសនា នៅតែសម្ដែងក្ដីសង្ឃឹមថា កូនក្រុមនឹងធ្វើបានល្អជាងរដូវកាលមុនបើទោះបីជា រងបរាជ័យ២ប្រកួតជាប់ៗគ្នា ក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩។

មានប្រសាសន៍នៅក្រោយចប់ការប្រកួតដែលចាញ់ អគ្គស្នងការដ្ឋាននគរបាលជាតិ ៣ទល់២ លោក សុក វាសនា ដែលជាគ្រូបង្វឹកអាស៊ីអ៊ឺរ៉ុបយូណាយធីត បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់ការប្រកួតថ្ងៃនេះ គឺយើងឃើញថាការប្រឹងប្រែងរបស់កីឡាករគឺអស់ពីលទ្ធភាព តែអ្វីដែលយើងរៀបចំពីតង់ទី១ គឺធ្វើអត់បានល្អទាល់តែសោះ នេះគឺជាការមិនសប្បាយចិត្តសម្រាប់ខ្ញុំគឺ ឃើញកូនក្រុមទាំងការគ្រប់គ្រងបាល់មានបញ្ហាខ្លាំង ហើយចូលតង់ទី២ យើងបានកែប្រែច្រើន សម្រាប់ការផ្ដល់កម្លាំងចិត្ត សម្រាប់ការប្រកួតនៅវគ្គទី២។ ថ្ងៃនេះតំបន់ដែលយើងមានបញ្ហាគឺ បម្រើកណ្ដាល ដែលយើងចរាចរណ៍បាល់អត់បានទាំងអស់ ហើយខូច អច្ចឹងវាធ្វើឲ្យការវាយបករបស់ប៉ូលីសមកងាយៗ នៅតំបន់កណ្ដាលប្រហែលជា ៥នាទី ដែលធ្វើឲ្យយើងរបូតដល់ ២,៣ គ្រាប់ អច្ចឹងយើងពិបាកនឹងតាមរកគ្រាប់មកវិញ យើងក៏សោកស្ដាយផងដែរ ដែលមានឱកាសនៅតង់ទី២ច្រើន តែយើងធ្វើអត់បានស្មើ។»

នៅពេលដែលចោទសួរជាសំណួរអំពីក្ដីសង្ឃឹមសម្រាប់រដូវកាលនេះបន្ទាប់រងបរាជ័យ ២ប្រកួតជាប់ៗគ្នា អតីតគ្រូជំនួយមានប្រភពចេញក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដដែលរូបនេះ៖ «យើងនៅតែមានសង្ឃឹម ពីព្រោះឆ្នាំនេះ ទិសដៅយើងគឺដើម្បីឈ្នះ គឺមិនមែនមានតែទិសដៅរក្សាតំបន់ដដែល ឬក៏ដើម្បីបង្រ្គប់កិច្ចនោះឡើយ គឺក្រុមខ្ញុំចាប់ពីឆ្នាំនេះទៅ គឺប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។»

រំលឹកទៅកាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមដែលមានមូលដ្ឋាននៅតំបន់អារិយក្សត្រមួយនេះ បានរងបរាជ័យជាលើកទី២ ក្រោមថ្វីជើង ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ៣ទល់២ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ខណៈសប្ដាហ៍មុននេះទៀត ត្រូវក្រុមការពារតំណែងជើងឯក ណាហ្គាវើលដ៍ យកឈ្នះ ០ទល់១។

បច្ចុប្បន្ន ក្លឹបបាល់ទាត់អាស៊ីអ៊ឺរ៉ុបយូណាយធីត កំពុងឈរនៅចំណាត់ថ្នាក់លេខ១៣ នៃតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា ក្រោយប្រកួត ២ដង ចាញ់ទាំង២ដង មាន ០ពិន្ទុ ស្របពេលដែលសប្ដាហ៍ក្រោយត្រូវប៉ះជាមួយ សូលទីឡូអង្គរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់