ក្រោយដឹកនាំក្រុមបាន២ប្រកួតក្នុងលីគ លោក ប្រាក់ សុវណ្ណារ៉ា ថាប៉ូលីសនៅមានបញ្ហាលើប្រព័ន្ធការពារ

មាស សុផាណារ៉ុង April 1, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីជំនួបសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា បានយកឈ្នះ អាស៊ីអ៊ឺរ៉ុបយូណាយធីត ដោយលទ្ធផល ៣ទល់២ និងជាជ័យជម្នះដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក ប្រាក់ សុវណ្ណារ៉ា តែយ៉ាងណាមិញឆ្លងកាត់ ២ប្រកួតកន្លងមកនេះអតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា រូបនេះបានបង្ហើបពីបញ្ហារបស់ ប៉ូលីស គឺនៅលើប្រព័ន្ធការពារ។

ចាំបានថាកាលពីប្រកួតដំបូង អគ្គស្នងការដ្ឋាននគរបាលជាតិ បានរងបរាជ័យក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ២ទល់០ ខណៈប្រកួតជាមួយ អាស៊ីអ៊ឺរ៉ុបយូណាយធីត ត្បិតតែទទួលជ័យជម្នះក៏ពិតមែន ប៉ុន្តែក្រុមដំណាងឲ្យស្ថាប័ន្ធប៉ូលីសមួយនេះ បែរជារបូតគ្រាប់បាល់ ២គ្រាប់វិញ នៅវគ្គទី២ គ្រាដែលវគ្គទី១ នាំមុខដល់ទៅ ៣ទល់០ ដែលជាហេតុនាំឲ្យ លោក ប្រាក់ សុវណ្ណារ៉ា លើកឡើងថាអគ្គស្នងការដ្ឋាននគរបាលជាតិ នៅខ្វះខាតប្រព័ន្ធការពារ។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងដឹងហើយថា ក្រុមនេះហាក់ដូចជាសើររើថ្មី ព្រោះកីឡាករដែលលេងពីឆ្នាំទៅគឺមានតែ ៤នាក់ទេនៅលើទីលាន ហើយបើនិយាយពីបរទេសគឺថ្មីសុទ្ធ ហើយនឹងក្មេងមកចូលរួមទៀត អច្ចឹងសរុប៧នាក់ថ្មី អច្ចឹងជាធម្មតាបើកាលណាយើងកសាងក្រុមមួយដែលថ្មីអាចនឹងជួបបញ្ហាខ្លះៗ ជាពិសេសគឺការពារនេះឯង ហើយសង្ឃឹមថាចំណុចទាំងអស់ហ្នឹងយើងកែប្រែសម្រាប់ការប្រកួតបន្តបន្ទាប់ទៀត។»

មានយោបល់ជុំវិញការប្រកួត ដែលបណ្ដោយឲ្យ អាស៊ីអ៊ឺរ៉ុបយូណាយធីត តាមពីក្រោយបាន ២គ្រាប់វិញនៅវគ្គទី២ នោះ អតីតគ្រូបង្វឹកឆ្នើមនៃលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១៦ រូបនេះថ្លែងថា អាចមកពីកូនក្រុមមានទំនុកចិត្តលើខ្លួនឯងខ្លាំងពេក បន្ទាប់ពីនាំមុខ ៣គ្រាប់មុន ដែលនាំឲ្យអារម្មណ៍ធ្លាក់ចុះបន្តិច គួបផ្សំនឹងការផ្លាស់ប្ដូររបស់លោកដែលចង់ផ្ដល់ឱកាសដល់កីឡាករដែលមិនសូវបានលេង អាចចូលបង្ហាញខ្លួនផងដែរ។ លោកក៏បានសម្ដែងការកោតសរសើរដល់ អាស៊ីអ៊ឺរ៉ុបយូណាយធីត ដែលនៅតែព្យាយាមបើទោះបីជាត្រូវនាំមុខដល់ទៅ ៣ទល់០ ដោយបន្តវាយលុករហូតដល់ស្ទើរតែនឹងស្មើ។

សូមបញ្ជាក់ថា លទ្ធផល ២ប្រកួតកន្លងមករបស់ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បាននឹងកំពុងនាំឲ្យក្រុមនេះឈរនៅចំណាត់ថ្នាក់លេខ១០ បន្ទាប់ពីប្រកួត២ដង ឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ ខណៈសប្ដាហ៍ក្រោយត្រូវប៉ះ ក្រុមការពារតំណែងជើងឯក ណាហ្គាវើលដ៍៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់