ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកទី២ ចាប់ផ្ដើមកាលពីម្សិលមិញ

មាស សុផាណារ៉ុង March 29, 2019


 

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌមិនអាជីពដណ្ដើមពានរង្វាន់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកទី២បានចាប់ផ្ដើមកាលពីល្ងាចថ្ងៃទី២៨ ខែមីនា ហើយតាមការគ្រោងទុក ការប្រកួតនេះនឹងបញ្ចប់នៅថ្ងៃទី១០ ខែមិថុនា។

នេះជាឆ្នាំទី២ នៃការប្រកួតដែលកាលពីឆ្នាំទី១ មានតែ៧ក្រុមប៉ុណ្ណោះចូលរួម ហើយចំណាត់ថ្នាក់លេខ១បានទៅ ក្រុមបាល់ទាត់អគ្គនាយកដ្ឋានកីឡា លេខ២ បានទៅ ក្រុមអគ្គនាយកដ្ឋានអប់រំ និងលេខ៣ បានទៅ ក្រុមអគ្គនាយកដ្ឋានឧត្តមសិក្សា។ សម្រាប់ឆ្នាំ២០១៩នេះ ការប្រកួតមានក្រុមចូលរួមចំនួន២១ក្រុម ឯណោះគឺក្រុមចំណុះទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានចំនួន៧ក្រុម និង១៤ក្រុមទៀត មកពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃនាយកដ្ឋានកីឡា បានឲ្យដឹងថាការប្រកួតចែកចេញជា៤ពូល ដោយពូលនីមួយៗប្រកួតវិលជុំក្នុងពូលដោយយក ២ក្រុម ដែលមានពិន្ទុលើសគេក្នុងពូលនីមួយៗទើបទៅលេងបន្តនៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ។ ៤ក្រុម ដែលឈ្នះនឹងឡើងលេងបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមដែលឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមជើងឯក ខណៈក្រុមដែលចាញ់ប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣។

ព្រឹត្តិការណ៍នេះក្រុមនីមួយៗ មានសិទ្ធចុះឈ្មោះកីឡាកររបស់ខ្លួនក្នុងបញ្ជីចាប់ផ្ដើមប្រកួត (Starting Lists) ចំនួន៣៥រូប។ ការប្រកួតគឺអនុញ្ញាតឲ្យធ្វើការដោះដូរកីឡាករបានតាមចិត្តទោះជាអ្នកដែលប្ដូរចេញហើយនោះក៏អាចប្ដូរចូលវិញបានដែរ។ ការប្រកួតមានរយៈពេល៤០នាទី ២ដង។

ចំពោះរង្វាន់ក្រៅពីរង្វាន់សម្រាប់ក្រុមជាប់ចំណាត់ថ្នាក់ទាំង៣ នៅមានរង្វាន់ Fair-Play រង្វាន់សម្រាប់អ្នកទាត់បាល់បញ្ចូលទីបានច្រើនជាងគេ រង្វាន់សម្រាប់អ្នកចាំទីល្អ រង្វាន់សម្រាប់ក្រុមដែលមានឯកសណ្ឋានស្អាត និងរង្វាន់សម្រាប់នារីកាន់ស្លាកដែលមានប្រជាប្រិយភាពជាងគេ។

លោករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ដែលចូលរួមក្នុងពិធីបើការប្រកួតនោះបានបញ្ជាក់ថានេះជាការប្រកួតសម្រាប់ក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា សុទ្ធសាធ។ កីឡាករគ្រប់រូបត្រូវតែជាមន្ត្រីក្របខ័ណ្ឌពេញសិទ្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់កីឡាករជម្រើសជាតិ ឬអតីតជម្រើសជាតិទោះបីមានក្របខ័ណ្ឌពេញសិទ្ធរបស់ក្រសួងក៏មិនអនុញ្ញាតឲ្យលេងដែរ។ លោករដ្ឋមន្ត្រីក៏បានសំណូមពរឲ្យប្ដូរឈ្មោះព្រឹត្តិការណ៍នេះទៅជាការប្រកួតដណ្ដើមពានរង្វាន់ក្រសួងអប់រំ យុវជន និងកីឡា វិញ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់