ការប្រកួតជេីងឯកយុវជនអាយុក្រោម១៧ឆ្នាំ ១៥ឆ្នាំ និងបាល់ទាត់នារី ២០១៨-១៩ បញ្ចប់ចុងសប្ដាហ៍នេះ

មាស សុផាណារ៉ុង March 28, 2019


 

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ជេីងឯកយុវជនអាយុក្រោម១៧ឆ្នាំ ១៥ឆ្នាំ និងបាល់ទាត់នារី ប្រចាំឆ្នាំ ២០១៨-១៩ ដែលបានចាប់ផ្ដើមរដូវកាលថ្មី តាំងពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នឹងឈានដល់ការប្រកួតបញ្ចប់ជាផ្លូវការហើយនៅចុងសប្ដាហ៍នេះ បន្ទាប់ពីចំណាយពេលប្រកួតក្បែរ ៤ខែ។

សម្រាប់ការប្រកួតរកជើងឯកនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា នៅលើទឹកដីនៃខេត្តបន្ទាយមានជ័យ ទាំង៤ប្រភេទ ពោលគឺយុវជនអាយុក្រោម១៧ឆ្នាំ ១៥ឆ្នាំ និងបាល់ទាត់នារី កម្រិត១ កម្រិត២។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ សម្រាប់ពានរង្វាន់យុវជនអាយុក្រោម១៥ឆ្នាំ ជាមួយនឹងការបែងចែក ៣ដំណាក់កាល ក្រុមដែលត្រូវប្រជែងជើងឯក គឺរវាង យុវជនសាលាតម្រង់ទិសខេត្តបាត់ដំបង ត្រូវប៉ះជាមួយ យុវជនសាលាតម្រង់ទិសខេត្តកោះកុង។

សម្រាប់ចំណាត់ថ្នាក់លេខ៣ គឺបានទៅលើសាលាតម្រង់ទិសខេត្តប៉ៃលិន ក្រោយយកឈ្នះ លើសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ។

កម្មវិធីប្រកួត និងលទ្ធផលសង្ខេបពានយុវជនអាយុក្រោម១៥ឆ្នាំ គិតចាប់ពីដំណាក់កាលទី២៖

ដោយឡែកសម្រាប់ពានរង្វាន់យុវជនអាយុក្រោម១៧ឆ្នាំវិញ ជាមួយនឹងការបែងចែក ៣ដំណាក់កាលដូចគ្នា ខណៈក្រុមដែលត្រូវប្រជែងជើងឯក គឺរវាង យុវជនសាលាតម្រង់ទិសខេត្តកណ្ដាល ត្រូវប៉ះជាមួយ យុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង។

សម្រាប់ចំណាត់ថ្នាក់លេខ៣ គឺបានទៅលើសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ ក្រោយយកឈ្នះ លើសាលាតម្រង់ទិសខេត្តក្រចេះ នៅវគ្គដណ្ដើមយកលេខ៣។

កម្មវិធីប្រកួត និងលទ្ធផលសង្ខេបពានយុវជនអាយុក្រោម១៧ឆ្នាំ គិតចាប់ពីដំណាក់កាលទី២៖

ងាកមកការប្រកួតបាល់ទាត់នារី ដែលមាន២កម្រិត ក៏បាននឹងឈានទៅរកក្រុមជើងឯកនៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះដូចគ្នា បន្ទាប់ពីប្រកួតយ៉ាងតាន់តឹង និង៣ដំណាក់កាលដូចគ្នា ពោលគឺសម្រាប់កម្រិតទី១ ក្រុមដែលត្រូវប្រជែងជើងឯកគឺរវាង ខេត្តស្វាយរៀង ត្រូវប៉ះប្រកួតជាមួយ ខេត្តសៀមរាប ខណៈកម្រិតទី២ គឺ ខេត្តកំពង់ចាម ត្រូវប្រជែងជាមួយ ខេត្តកណ្ដាល។

ក្រុមចំណាត់ថ្នាក់លេខ៣ ក៏បានរកឃើញផងដែរ សម្រាប់កម្រិតទី១ បានទៅលើខេត្តបាត់ដំបង ស្របពេលកម្រិតទី២ បានទៅលើខេត្តកំពង់ស្ពឺ ក្រោយយកឈ្នះ ខេត្តក្រចេះ។

សូមបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះ នឹងចាប់ផ្ដើមពីម៉ោង ៧:៣០ នាទីព្រឹកតទៅ សម្រាប់បាល់ទាត់នារីកម្រិត២ ចាប់ផ្ដើមមុនលើទីលាន សាកលវិទ្យាល័យមានជ័យ និងប្រកួតសម្រាប់កម្រិតទី១ ធ្វើឡើងនៅវេលាម៉ោង ៩:៣០ នាទីព្រឹក លើទីលានដដែល។

វគ្គផ្ដាច់ព្រ័ត្រយុវជនវិញ ចាប់ផ្ដើមនៅម៉ោង ៨:០០ នាទីព្រឹក សម្រាប់យុវជនអាយុក្រោម១៥ឆ្នាំ លើទីលានវិទ្យាល័យហ៊ុន សែន ខ្លាកូន និងប្រកួតចុងក្រោយយុវជនអាយុក្រោម១៧ឆ្នាំ ធ្វើឡើងនៅវេលាម៉ោង ១៥:០០ នាទីរសៀល លើទីលានដដែល ក្រោយការប្រកួតបញ្ចប់ពិធីបិទ និងការចែករង្វាន់ជ័យលាភី នឹងធ្វើឡើងក្នុងពេលតែមួយតែម្ដង៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់