កែវ សុខផេង ថា វិសាខា ប៉ះគិរីវង់ មិនមែនជារឿងងាយស្រួល

មាស សុផាណារ៉ុង March 28, 2019


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមវិសាខា កែវ សុខផេង ហាក់មិនសូវស្រណុកចិត្តនោះទេ ចំពោះការប្រកួតសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ដោយប៉ះក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅកីឡដ្ឋានវិសាខា បន្ទាប់ពីក្រុមខ្លួនដណ្ដើមបានត្រឹម ១ពិន្ទុពីក្រុមសូលទីឡូអង្គរ កាលពីបើកឆាកក្នុងដី។

ត្បិតការប្រកួតទី២ បន្ដប្រកួតក្នុងដីមែន តែ សុខផេង បានអះអាងថា មិនមែនជារឿងងាយស្រួលនោះទេ ទោះបីវិសាខា ធ្លាប់បានយកឈ្នះក្រុមគិរីវង់ ២-០ កាលពីជួបគ្នាក្នុងជំនួបមិត្ដក៏ដោយ ព្រោះគិរីវង់ គឺជាក្រុមកំពូលតារាងសប្ដាហ៍ទី១។ ប៉ុន្ដែកីឡាករមានប្រភពពីខេត្តក្រចេះរូបនេះ បានប្ដេជ្ញាខំប្រឹងដណ្ដើមយក ៣ពិន្ទុជូនក្រុមឲ្យបាន។

អតីតកីឡាករភ្នំពេញក្រោនរូបនេះបន្ដថា៖ «ពួកយើងទាំងអស់គ្នា បានត្រៀមខ្លួនរួចហើយ សម្រាប់ការប្រកួតជាមួយគិរីវង់ថ្ងៃសៅរ៍នេះ។ ប៉ុន្ដែចំពោះជ័យជម្នះកាលពីប្រកួតមិត្តភាព រវាងក្រុមទាំងពីរវិញ វាគ្រាន់តែជាការប្រកួតសមជើងទេ តែប្រកួតផ្លូវការចុងសប្ដាហ៍នេះ ទើបសំខាន់ ខាងយើងក៏ប្រឹង ខាងគេក៏ប្រឹង។ ម្យ៉ាងគេ ឈរកំពូលតារាងសប្ដាហ៍ទី១ ចឹងយើងត្រូវតែប្រយ័ត្ន មិនអាចប្រហែសបានឡើយ គឺយើងត្រូវការត្រៀមឲ្យបានល្អបំផុត។»

គេចាំថា កាលពីប្រកួតបើកឆាកជាមួយសូលទីឡូអង្គរ អ្នកគាំទ្រក្រុមវិសាខា ហាក់មានការខកចិត្ត ចំពោះលទ្ធផល ដែលមិនអាចដណ្ដើម ៣ពិន្ទុក្នុងដីជាមួយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះបាន។ ចំណែកក្រុមគិរីវង់វិញ ប្រកួតដំបូងពួកគេ គឺបានយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ ដោយលទ្ធផល ៤-១៕

 

រូបភាព៖ Visakha Football Club

អត្ថបទ៖ បុត្រា

មតិយោបល់