គ្រូណាហ្គាវើលដ៍ ហាក់គ្មានកង្វល់ ត្បិតត្រូវប្រកួត AFC Cup ក្រោយជួបទ័ព ២ថ្ងៃ

មាស សុផាណារ៉ុង March 28, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ណាហ្គាវើល នឹងត្រូវជួបក្រុមក្រសួងការពារជាតិ (ទ័ព) ក្នុងសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា នាល្ងាចថ្ងៃទី៣០ ខែមីនាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានស្ដាតចាស់ ប៉ុន្ដែគ្រូបង្វឹកក្រុមណាហ្គាវើលលោក មាស ចាន់ណា ហាក់គ្មានក្ដីបារម្ភឡើយ ទោះបីក្រុមខ្លួនត្រូវប្រកួតជម្រុះពូល F នៃពាន AFC Cup 2019 ជាមួយក្រុម Tampines Rovers របស់សិង្ហបុរី នៅថ្ងៃទី០២ ខែមេសាក៏ដោយ។

លោក មាស ចាន់ណា បាននិយាយថា «២ប្រកួតហ្នឹង សុទ្ធតែសំខាន់ តែប៉ះក្រសួងការពារជាតិ បើមានឱកាស ខ្ញុំនឹងដាក់យុវជនចូលលេង ដើម្បីត្រៀមកម្លាំងលេងជាមួយក្រុម Tampines Rovers…។ តែខ្ញុំគិតថា ២ថ្ងៃ ក្រោយជួបក្រសួងការពារជាតិ យើងមានពេលសម្រាកគ្រប់គ្រាន់ ព្រោះយើងសម្រាកលើសពី ៤៨ម៉ោងហើយ ដើម្បីប្រមូលកម្លាំង តែអ្វីដែលសំខាន់ គឺពាក់ព័ន្ធនឹងប្រើខួរក្បាល បើយើងមានការគិត និងផ្ដោតសំខាន់លើការប្រកួត លេងដឹងលេង វាមិនមានបញ្ហានោះទេ» ។

បើក្រឡេកទៅលទ្ធផលសប្ដាហ៍ទី១ បច្ចុប្បន្នក្រុមណាហ្គាវើល កំពុងកាន់ ៣ពិន្ទុក្នុងដៃ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ១-០ ខណៈទ័ពមានត្រឹម ១ពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតស្មើក្រុមភ្ញៀវអង្គរថាយហ្គឺរ ១-១។

ចំពោះការប្រកួត AFC Cup 2019 វិញ ក្រុមលោក មាស ចាន់ណា កំពុងកាន់ ៣ពិន្ទុឈរលេខ៣ តាមពីក្រោយក្រុម Hanoi FC និងក្រុម Tampines Rovers ដែលមាន ៤ពិន្ទុស្មើគ្នា។ ណាហ្គាវើល បានឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់ ១ មុនបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុម Tampines Rovers ដែលជាប្រកួតទី៣ ក្នុងពូល នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ សប្ដាហ៍ក្រោយ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់