លោក Felix ថា U23 កម្ពុជា មានពេលពីរខែបង្ហាញសមត្ថភាព ដើម្បីជាប់ជម្រើសជាតិឈុតធំ

មាស សុផាណារ៉ុង March 27, 2019


 

ភ្នំពេញ៖ ក្រោយបញ្ចប់យុទ្ធនាការប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ  ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ដែល U-23 កម្ពុជា ចូលរួមក្នុងនាមជាម្ចាស់ផ្ទះ វគ្គជម្រុះប្រចាំពូល H លោក Felix Dalmas ដែលជាគ្រូបង្វឹកថា សមាជិកពី U-23 កម្ពុជា មានពេល ២ខែបង្ហាញសមត្ថភាព ដើម្បីជាប់ជម្រើសជាតិឈុតធំ។

នៅពេលឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីភាពអាចទៅរួចថាសមាជិកយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងមានប៉ុន្មានភាគរយជាប់ជម្រើសជាតិឈុតធំ? លោក Felix G.Dalmas បានឆ្លើយតបយ៉ាងដូច្នេះថា៖ «វាគឺអាស្រ័យទៅលើអ្វីដែលពួកគេនឹងបង្ហាញក្នុងរយៈពេល ២ខែខាងមុខ ទម្រង់លេងរបស់គេរបៀបណា ពួកគេកើនឡើងកម្រិតណា ហើយខ្ញុំនឹងតាមដានជានិច្ច ពីព្រោះយើងតែងតែតាមដានគ្រប់កិច្ចការផ្សេងៗពីគ្នាដែលពួកគេធ្វើ ជាមួយនឹងរឿងផ្សេងៗដទៃទៀត និងមើលថាតើគេរីកចម្រើនកម្រិតណា ហើយយើងរីករាយជាមួយពួកគេ និងជាពិសេសយើងអាចមើលឃើញថាគេអាចប្រជែងជាមួយសិស្សច្បងយ៉ាងរបៀបណា។»

ចាំបានថា កាលពីដើមខែមីនា ជាមួយនឹងក្រុមជម្រើសជាតិឈុតធំ យុវជនអាយុក្រោម២៣ឆ្នាំទាំងអស់ត្រូវបានកោះហៅចូលក្រុមក្រោមការដឹកនាំរបស់លោកផ្ទាល់ និងពុំមានរាមច្បងសូម្បីតែម្នាក់ ប៉ុន្តែការកោះហៅនោះគឺត្រូវបានកត់សម្គាល់ថាដើម្បីជាការត្រៀមសម្រាប់ពានរង្វាន់ដែលទើបបញ្ចប់ថ្មីៗនេះ និងគាប់ជួនមិនស្ថិតនៅក្នុងការប្រកួតដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA Day )។

គួរដឹងដែរថា ការនិយាយបែបនេះ គឺដោយសារនៅអំឡុងខែមិថុនា ខាងមុខជម្រើសជាតិកម្ពុជា ត្រូវមានភារៈកិច្ចដ៏ធំមួយក្នុងការចូលរួមប្រកួតជម្រុះបឋម បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification ) ប៉ុន្តែពុំទាន់ដឹងសមាសភាពគូប្រកួតនៅឡើយដោយនៅរង់ចាំការចាប់ឆ្នោតផ្គូរផ្គង់នៅខែមេសា ជាមុនសិន។

ក្រៅតែពីការប្រកួតជម្រុះនេះនៅខែមិថុនាដដែល កម្ពុជា ក៏នឹងត្រូវមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមុនផងដែរ ដោយអាចនឹងមាន ១ប្រកួត ដូចគ្នាគឺជាការត្រៀម៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់