គ្រូអូស្ត្រាលី មានយោបល់ U-23 កម្ពុជា នៅមានបញ្ហាទៅលើផ្នែកកាយសម្បទា

មាស សុផាណារ៉ុង March 27, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្រុមជម្រើសជាតិអូស្ត្រាលីអាយុក្រោម២៣ឆ្នាំ លោក Graham Arnold បានមានយោបល់ទៅលើ U-23 កម្ពុជា ថានៅមានបញ្ហាទៅលើផ្នែកកាយសម្បទា បន្ទាប់ពីសង្គេតឃើញក្នុងប៉ុន្មានប្រកួតកន្លងមកនៃពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះប្រចាំពូល H ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ពេលដែលចោទសួរថា ជុំវិញទម្រង់លេងរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ដដែលនេះ លោក Graham James Arnold បានលើកឡើងថា៖ «ខ្ញុំគិតថារបៀបដែល Keisuke Honda បង្ហាត់បង្ហាញពួកគេ គឺពិតជាល្អ ពួកគេព្យាយាមលេងចាប់តាំងពីក្រោម ពួកគេប្រើប្រាស់ចំណុចខ្លាំង ចំណុចខ្លាំងនោះគឺបច្ចេកទេស ពួកគេមានល្បឿន និងមានគុណភាពជាមួយបាល់ ប៉ុន្តែមានចំណុចបន្តិចមិនមែនតែកម្ពុជាទេ ឆាយនីសតៃប៊ិ ក៏ដូចគ្នា នោះគឺកាយសម្បទា ប្រហែលជាកីឡាករកម្ពុជាជាច្រើនត្រូវធ្វើការច្រើនទៀតជាមួយកាយសម្បទា ដើម្បីឲ្យមានភាពរឹងមាំ និងដើម្បីឲ្យទម្រង់លេងរបស់ពួកគេកាន់តែល្អនៅថ្ងៃខាងមុខ។»

គ្រូបង្វឹកដដែលរូបនេះ ក៏ធ្លាប់បានបង្ហើបចំណុចមួយដែលបានយកឈ្នះកម្ពុជា យ៉ាងងាយស្រួលកាលពីជំនួបបើកឆាកផងដែរថា គឺការព្យាយាមដាក់សម្ពាធមិនឲ្យកម្ពុជា មានជំហរក្នុងការគ្រប់គ្រងបាល់ច្រើន។ «នៅក្នុងការហ្វឹកហាត់ យើងបានផ្ដោតអារម្មណ៍ទៅលើការយកឈ្នះ កម្ពុជា។ ពិតណាស់យើងបានមើលពីការប្រកួតក្នុងព្រឹត្តិការណ៍កន្លងមក ពីរបៀបនៃការលេងរបស់គេ ខ្ញុំបានឃើញថា ប្រសិនបើយើងបណ្ដោយឲ្យកម្ពុជា មានជំហរក្នុងការគ្រប់គ្រងបាល់ច្រើន នោះពួកគេនឹងមានបាល់លេង គេនឹងលេងបានល្អទៀតផង ដូច្នេះវាអាស្រ័យទៅលើយើងដើម្បីបញ្ឈប់ពួកគេ ហើយយើងបានធ្វើវានៅថ្ងៃនេះ។» សម្ដីទាំងស្រុងរបស់ លោក Graham James Arnold នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតជាមួយ U-23 កម្ពុជា។

សូមរំលឹកថា U-23 កម្ពុជា ក្នុងការប្រកួតជាមួយ U-23 អូស្រា្តលី គឺបញ្ចប់ទៅដោយកម្ពុជា រងបរាជ័យ ៦ទល់០។ និយាយជារួម U-23 កម្ពុជា ប្រកួត ៣ដងក្នុងពានរង្វាន់ដដែលខាងលើនេះដោយរកបាន ១ពិន្ទុក្នុងចំណោម ៣ប្រកួត ពោលគឺប្រកួតចាញ់២ និងស្មើ១ និងអាចរកគ្រាប់បាល់បញ្ជូលទីបាន ២គ្រាប់ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់