គ្រូ U-23 ឆាយនីសតៃប៊ិ មិនស្ដាយក្រោយនឹងលទ្ធផលស្មើជាមួយ U-23 កម្ពុជា

មាស សុផាណារ៉ុង March 27, 2019


 

ភ្នំពញ៖ គ្រូបង្វឹកនៃក្រុមជម្រើសកោះឆាយនីសតៃប៊ិ លោក Canhun Von បានមានយោបល់បន្ទាប់ពីបានស្មើជាមួយម្ចាស់ផ្ទះកម្ពុជា ក្នុងជំនួបបិទពូល H នៃវគ្គជម្រុះពានពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២០ ដោយសម្ដែងនូវការមិនស្ដាយក្រោយឡើយចំពោះលទ្ធផលនេះ។

ក្នុងសន្និសីតសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត លោក Canhun Von បានលើកឡើងថា ចាប់តាំងពីមុនការប្រកួតមកដល់គោលដៅរបស់ក្រុមគឺចង់ឈ្នះការប្រកួត ប៉ុន្តែលទ្ធផលមិនដូចអ្វីដែលខ្លួនចង់បាន យ៉ាងណាក៏ដោយលោកបានសម្ដែងនូវការមិនសោកស្ដាយឡើយចំពោះលទ្ធផលនេះ។

«ពិតណាស់ យើងបាននិយាយតាំងពីដើមមក យើងព្យាយាមក្នុងការប្រកួតនេះគឺដើម្បីឈ្នះ ប៉ុន្តែលទ្ធផលមិនដូចអ្វីដែលយើងចង់បាន ប៉ុន្តែខ្ញុំគិតថាយើងបានព្យាយាមបង្ហាញថា យើងនៅតែប្រឹងប្រែងរហូតដល់ទីបញ្ចប់ ដូច្នេះមិនមានការស្ដាយក្រោយឡើយ ហើយខ្ញុំគិតថាសម្រាប់បាល់ទាត់ប្រចាំតំបន់មួយនេះនឹងនាំឲ្យទស្សនិកជនរីករាយក្នុងការទស្សនា។» សម្ដីទាំងស្រុងរបស់ លោក Canhun Von។

គ្រូបង្វឹកដដែលរូបនេះបានបន្តទៀតថា លោក ពិតជារីករាយជាមួយនឹងទម្រង់លេងរបស់កូនក្រុម បើទោះបីជាលទ្ធផលពុំសូវល្អក៏ដោយ និងពិតជាយុត្តិធ៌មសម្រាប់ក្រុមទាំងពីរ។

សូមបញ្ជាក់ថា ក្រុម U23 ឆាយនីសតៃប៊ិ បានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងពានរង្វាន់ដដែលខាងលើនេះ ដោយស្ថិតនៅបាតតារាង និងមាន១ពិន្ទុក្នុងដៃ ប៉ុន្តែមានគ្រាប់បាល់ផងសង ច្រើនជាង U-23 កម្ពុជា៕

 

រូបភាព៖ The-AFC

អត្ថបទ៖ ណារ៉ុង

មតិយោបល់