Felix Dalmas៖ «…យើងជឿជាក់ថា នេះគឺវាជាដំណើរដែលបោះជំហានទៅមុខ…»

មាស សុផាណារ៉ុង March 27, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្រុម U-23 កម្ពុជា លោក Felix Dalmas បានលើកឡើងថា «…យើងជឿជាក់ថា នេះគឺវាជាដំណើរដែលបោះជំហានទៅមុខ…» ពោលគឺនៅក្នុងសន្និសីតសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតរវាង U-23 កម្ពុជា ជាមួយ U-23 ឆាយនីសតៃប៊ិ ដែលបញ្ចប់ទៅដោយលទ្ធផលស្មើ ១ទល់១ ក្នុងជំនួបចុងក្រោយប្រចាំពូល H នៃពានពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២០

មានយោបល់ជុំវិញការប្រកួតដែលបញ្ចប់ទៅត្រឹមលទ្ធផលស្មើគ្នានេះ លោក Felix Dalmas បានលើកឡើងយ៉ាងដូច្នេះថា៖ «វាគឺប្រសើរ ប៉ុន្តែខ្ញុំពិតជាជឿជាក់ថា ប្រភេទនៃបាល់ទាត់ដែលយើងចង់លេង វាមិនងាយស្រួលនោះទេ វាត្រូវការភាពក្លាហាន វាត្រូវការឆន្ទះ ត្រូវការការគិត ត្រូវការជំនាញ និងវាត្រូវការពេលវេលា ប៉ុន្តែយើងជឿជាក់ថា នេះគឺវាជាដំណើរដែលបោះជំហានទៅមុខ ហើយវាចាប់ផ្ដើមជាមួយអ្នកគាំទ្រ កីឡាករ ភាពជឿជាក់ និងព្យាយាម។»

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលរូបនេះ បានបន្ថែមថា៖ «ថ្ងៃនេះយើងមានប្រព័ន្ធចំនួន ២នៅលើទីលាន ខ្ញុំជឿជាក់សម្រាប់ការប្រកួត យើងអាចគ្រប់គ្រងបាន និងធ្វើរឿងល្អៗបាន តែទោះបីជាយ៉ាងណា យើងមិនអាចធ្វើបាននូវការគ្រប់គ្រងមកវិញ ដែលនេះគឺជាជំហានបន្ទាប់របស់យើងដើម្បីរកភាពរីកចម្រើន ទាំងជាក្រុម និងទាំងសមត្ថភាពផ្ទាល់ខ្លួនរបស់កីឡាករ។»

សូមរំលឹកថា U-23 កម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតជម្រុះពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២០ ប្រចាំពូល H ( 2020 AFC U-23 Championship qualification ) របស់ខ្លួនដោយរកបានតែ ១ពិន្ទុក្នុងចំណោម ៣ប្រកួត ពោលគឺប្រកួតចាញ់២ និងស្មើ១ និងអាចរកគ្រាប់បាល់បញ្ជូលទីបាន ២គ្រាប់ផងដែរ។

រកបាន ១ពិន្ទុនេះ នាំឲ្យកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៣ ដោយសារមានផលសងគ្រាប់បាល់តិចជាង ឆាយនីសតៃប៊ិ ពោលគឺ កម្ពុជា -១១គ្រាប់ ខណៈឆាយនីសតៃប៊ិ -១៤គ្រាប់៕

 

រូបភាព៖ The-AFC

អត្ថបទ៖ ណារ៉ុង

មតិយោបល់