លោក Felix រំពឹងរកបាន៣ពិន្ទុ ក្នុងជំនួបទល់នឹង U-23 ឆាយនីសតៃប៊ិ

មាស សុផាណារ៉ុង March 26, 2019


 

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានបន្តបញ្ជាក់រំពឹងរកបាន ៣ពិន្ទុ សម្រាប់ជំនួបចុងក្រោយប្រចាំពូល H នៃពានពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) រវាងកម្ពុជា ទល់នឹង ឆាយនីសតៃប៊ិ នៅយប់នេះ

ក្នុងបន្ទប់សន្និសីទសារព័ត៌មាន លោក Felix បានលើកឡើងសម្រាប់ការប្រកួតទល់នឹង ឆាយនីសតៃប៊ិ ផងដែរថា៖«គោលដៅរបស់យើងគឺនៅតែដូចគ្នា យើងមានវិធីសាស្ត្រចង់ឈ្នះគ្រប់ការប្រកួត តែងតែព្យាយាមដើម្បីរកឲ្យបាន ៣ពិន្ទុ ប៉ុន្តែប៉ុន្មានប្រកួតចុងក្រោយយើងមិនអាចធ្វើបាន ដូច្នេះនៅសល់មួយប្រកួតទៀត ក៏ដូចជានៅប្រកួតទៀតដែលត្រូវកែលម្អ ហើយសង្ឃឹមថាយើងនឹងអាចរកលទ្ធផលដ៏ល្អមួយបានសម្រាប់ប្រកួតបន្ទាប់ ប៉ុន្តែដូចដែលខ្ញុំបាននិយាយ យើងបន្តកែលម្អ ទៅលើប្រព័ន្ធដែលយើងចង់លេង និងជឿជាក់លើអ្វីដែលយើងបានធ្វើ»

លោកបានបន្តទៀតថាជុំវិញ រឿងសំខាន់សម្រាប់ថ្ងៃនេះ ដោយលើកឡើងយ៉ាងដូច្នេះថា៖ «ឈ្នះសម្រាប់អ្នកគាំទ្រ និងឈ្នះសម្រាបើកម្ពុជា គឺជារឿងដ៏សំខាន់ វាជាចំណែកមួយនៃមោទនភាព យើងតែងតែចង់ផ្តល់នូវភាពរីករាយដល់អ្នកគាំទ្រ ដែលមកទស្សនាដោយផ្ទាល់ និងទស្សនានៅផ្ទះ នេះជាគោលដៅមួយដែលយើងចង់បានដើម្បីអោយអ្នកគាំទ្រមានមោទភាពចំពោះក្រុម»។

សូមបញ្ជាក់ថា កម្ពុជា នឹងត្រូវតតាំងជាមួយ ឆាយនីសតៃប៊ិ នៅយប់ម៉ោង ៨:០០ នាទីនេះ ក្នុងជំនួបចុងក្រោយ ប្រចាំពូលនៃពានរង្វាន់ដដែល ខណៈការប្រកួតនេះគឺជាការប្រកួតដណ្ដើមពិន្ទុ ត្បិតទាំង២ក្រុមអស់ឱកាសឡើងទៅជុំបន្តដូចគ្នា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់