Smart RSN Stadium ជាឈ្មោះថ្មី នៃកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោន

មាស សុផាណារ៉ុង March 25, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសឈ្មោះថ្មី នៃកីឡដ្ឋានរបស់ខ្លួនជាផ្លូវការហើយ ដោយឈ្មោះថា “កីឡដ្ឋាន Smart RSN Stadium” ។ នេះបើយោងតាមការប្រកាសក្នុងកម្មវិធី The Singha’s Step ដែលក្លឹបភ្នំពេញក្រោន កំពុងរៀបចំ នៅកីឡដ្ឋានរបស់ខ្លួន នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

នេះគឺជាបរិបថថ្មីមួយទៀត សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ដែលក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រើប្រាស់ឈ្មោះក្រុមហ៊ុនឯកជន នៅកីឡដ្ឋានរបស់ខ្លួន តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន Smart។ ចំពោះការប្រកាសឈ្មោះថ្មី គឺកីឡដ្ឋាន Smart RSN Stadium នេះ ក៏ជាការបញ្ចប់មន្ទិលរបស់អ្នកគាំទ្រ ដែលកំពុងទន្ទឹងចង់ដឹងយ៉ាងអន្ទះសារផងដែរ។

គួរបញ្ជាក់ថា កម្មវិធី The Singha’s Step ដែលជាកម្មវិធីបង្ហាញឯកសណ្ឋានរដូវកាលថ្មី និងប្រកាសឈ្មោះថ្មី នៃកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោននេះ បានធ្វើឡើងយ៉ាងអធិកអធម នៅកីឡដ្ឋាន Smart RSN Stadium ដោយមានការចូលរួមពីថ្នាក់ដឹកនាំកីឡា ថ្នាក់ដឹកនាំក្លឹប ក្រុមហ៊ុនដៃគូ និងភ្ញៀវកិត្តិយស រួមទាំងសមាជិក និងអ្នកគាំទ្រក្លឹបជាច្រើនរយនាក់ផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់