អាចទេ! កីឡដ្ឋាន RSN របស់ភ្នំពេញក្រោនប្រើឈ្មោះថ្មីមួយនេះ?

មាស សុផាណារ៉ុង March 25, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នាល្ងាចថ្ងៃទី២៥ ខែមីនានេះ គឺកម្មវិធី The Singha’s Step ដើម្បីបង្ហាញឯកសណ្ឋានផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងរដូវកាលថ្មី ឆ្នាំ២០១៩ ពិសេសគឺការប្រកាសអំពីឈ្មោះថ្មី នៃកីឡដ្ឋាន RSN ។ តើអាចទេ ឈ្មោះថ្មីរបស់កីឡដ្ឋាន RSN នឹងប្រើឈ្មោះ “កីឡដ្ឋាន Singha”?

ប៉ុន្មានថ្ងៃមកនេះ មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះកម្មវិធី The Singha’s Step ដែលក្លឹបភ្នំពេញក្រោន នឹងរៀបចំល្ងាចនេះ ។ ទន្ទឹមជាមួយគ្នា ក៏មានមន្ទិលជាច្រើន បានកើតឡើងផងដែរ ហេតុអ្វីបានជាក្លឹបភ្នំពេញក្រោន ជ្រើរើសឈ្មោះកម្មវិធី “The Singha’s Step” ក្នុងឱកាសក្លឹបបង្ហាញឯកសណ្ឋាន និងប្រកាសឈ្មោះថ្មី នៃកីឡដ្ឋាន RSN ដូច្នេះ?

ដោយហេតុនេះ មានអ្នកគាំទ្រមួយចំនួន បានធ្វើការទស្សន៍ទាយថា តាមរយៈការរៀបចំកម្មវិធីខាងលើ សបញ្ជាក់ឲ្យឃើញថា ឈ្មោះថ្មីរបស់កីឡដ្ឋាន RSN អាចប្ដូរទៅជាឈ្មោះកីឡដ្ឋាន Singha ឬ Singha Stadium។ ប៉ុន្ដែនេះគ្រាន់តែជាការសន្និដ្ឋានក្រៅផ្លូវការរបស់អ្នកគាំទ្រប៉ុណ្ណោះ ខណៈឈ្មោះថ្មីពិត ដែលត្រូវមកជំនួសកីឡដ្ឋានស្ដង់ដារមួយនេះ នឹងត្រូវប្រកាសផ្លូវការល្ងាចនេះ ក្នុងកម្មវិធី The Singha’s Step។

អតីតក្លឹបជើងឯក ៦សម័យកាលនេះ បានបញ្ជាក់លើប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនថា កម្មវិធីនេះ នឹងចាប់ផ្ដើមនាវេលាម៉ោង ៥៖៣០ នាទីល្ងាចនេះ នៅកីឡដ្ឋាន RSN (ឈ្មោះកីឡដ្ឋានបច្ចុប្បន្ន) ផ្ទាល់តែម្ដង ដោយមានការចូលរួមពីថ្នាក់ដឹកនាំកីឡា ថ្នាក់ដឹកនាំក្លឹប តំណាងក្រុមហ៊ុនដៃគូឧបត្ថម្ភ និងភ្ញៀវកិត្តិយសជាច្រើន។ លើសពីនេះ ក្លឹបក៏បើកទទួលការចុះឈ្មោះសម្រាប់សមាជិក (លីងចុះឈ្មោះ https://goo.gl/xuDUZ8 ) ដើម្បីទទួលបានការផ្ដល់អាហារសម្រន់ និងភេសជ្ជៈសម្រាប់អ្នកចូលរួមចំនួន ៤០០នាក់ផងដែរ។

មិនតែប៉ុណ្ណោះ ដើម្បីអបអរកម្មវិធីបង្ហាញឯកសណ្ឋានរដូវកាលថ្មី និងប្រកាសឈ្មោះថ្មី នៃកីឡដ្ឋាន RSN ក្លឹបក៏បានរៀបចំកម្មវិធីកម្សាន្តជាច្រើនផងដែរ ដូចជាការសម្តែងរបស់ក្រុមក្មេងខ្មែរ តារាចម្រៀង MC Bull រួមជាមួយ DJ Lyka និងទស្សនីយភាពជាច្រើនទៀតផង៕

 

រូបភាព៖ ភ្នំពេញក្រោន ​- Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់