លោក Felix នៅតែនិយាយដដែលៗថា កម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការ

មាស សុផាណារ៉ុង March 25, 2019


 

ភ្នំពេញ៖ ជារឿយៗ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាគ្រូនៃក្រុម U-23 កម្ពុជា តែងតែលើកឡើងអំពីស្ថានភាពក្រុមជម្រើសជាតិនាពេលបច្ចុប្បន្នស្ទើរគ្រប់សន្និសីទសារព៌តមាន មុនការប្រកួត ក៏ដូចជាក្រោយចប់ការប្រកួត ថាក្រុមនេះកំពុងស្ថិតនៅក្នុង «ដំណើរការ»។ ខណៈមិនខុសគ្នា កាលពីម្សិលមិញនៅក្រោយជំនួបជាមួយ U-23 កូរ៉េខាងត្បូង គ្រូបង្វឹកវ័យ ៣១ឆ្នាំដដែលរូបនេះ បានបញ្ជាក់ជាថ្មីនិងដដែលថា កម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការនៃការរៀបចំ។

បន្ទាប់ពីលទ្ធផលមិនសមប្រកបដោយបន្តចាញ់ U-23 កូរ៉េខាងត្បូង និងអស់ឱកាសឡើងទៅជុំបន្តនៃពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះប្រចាំពូល H ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) លោក Felix Gonzalex Dalmas នៅតែមានសុទិដ្ឋិនិយមចំពោះកូនក្រុមជានិច្ច ទោះស្ថិតក្នុងលទ្ធផល និងស្ថានភាពបែបណាក៏ដោយ។

«យោបល់របស់ខ្ញុំជុំវិញការប្រកួត ដូចដែលខ្ញុំតែងតែនិយាយជាដដែល ជារឿយៗ យើងជឿជាក់យ៉ាងច្បាស់ថាវាគឺជា ដំណើរការ និងការរីកចម្រើន ហើយនៅក្នុងផ្នែកខ្លះនៃការប្រកួតអ្នកអាចឃើញនូវឧត្តមគតិ និងភាពជឿជាក់ របៀបដែលកីឡាករជឿជាក់ទៅលើការរៀបចំប្រព័ន្ធ និងការយល់អំពីប្រព័ន្ធ ជាពិសេសទោះបីជាយើងស្ថិតក្នុងដំណាក់កាលដែលមិនអនុគ្រោះ ដំណាក់កាលដែលពិបាក តែនៅពេលដែលយើងបង្ហាញយើងនៅតែជឿជាក់នូវអ្វីដែលយើងកំពុងធ្វើ ដែលនេះហើយពិតជាធ្វើឲ្យខ្ញុំមានមោទនភាព ពិតជាធ្វើឲ្យខ្ញុំរីករាយ។» លោក Felix Dalmas បានមានយោបល់ក្រោយចប់ការប្រកួត។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ដដែលរូបនេះក៏បានបន្តទៀតថា៖ «ខ្ញុំតែងតែនិយាយថា ថ្ងៃនេះគឺជាការប្រកួតមួយទៀតដើម្បីភាពរីកចម្រើន និងការកែលម្អ ហើយខ្ញុំគិតថាយើងអាចទទួលបាននូវរឿងជាច្រើន ដើម្បីរៀនសូត្រពីវា ដូច្នេះជារួម យើងអាចរកគ្រាប់បាល់បាន ខ្ញុំគិតថាវាជាបទពិសោធន៍ដ៏ល្អសម្រាប់កីឡាករ ក៏ដូចជាលទ្ធភាពដែលអាចធ្វើទៅបានក្រៅតែពីលទ្ធផល»។

សូមរំលឹកថា កាលពីពេលកន្លងមក លោកធ្លាប់បានបង្ហើបផងដែរអំពីដំណើរការ ដែលរូបលោកផ្ទាល់ រួមទាំងអ្នកចាត់ការក្រុម Keisuke Honda តែងតែនិយាយក្នុងសន្និសីទសារពត៌មានគឺវិវឌ្ឍន៍ដូចម្តេចខ្លះ? លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលខ្ញុំនិយាយអំពីដំណើរការរបស់ក្រុមមានការវិវឌ្ឍន៍ គឺយើងមានគោលគំនិតច្បាស់លាស់មួយដែលស្របទៅនឹងបាល់ទាត់បច្ចុប្បន្ន បាល់ទាត់ដែលយើងចង់លេង ហើយខ្ញុំជឿជាក់គ្រប់ផ្នែកនៃការប្រកួត និងនៅក្នុងការប្រកួតដទៃទៀតដូចគ្នា ខ្ញុំពិតជាពេញចិត្តក្នុងឃើញនូវអ្វីដែលក្រុមព្យាយាមធ្វើ ពេលខ្លះលទ្ធផលមិនឆ្លុះបញ្ចាំងទៅលើទម្រង់លេងនោះទេ។» ចំនុចសំខាន់ដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ចង់បង្ហាញនោះគឺការអាចឈានទៅរកចំនុចដែលល្អរបស់ក្រុមសម្រាប់រយៈពេលយូរអង្វែង។

ដូចគ្នាផងដែរ ដូចដែល លោក Keisuke Honda ធ្លាប់បានលើកឡើងថាផងដែរ លោកមិនសប្បាយជាងអ្វី ក្រៅពីឃើញកូនក្រុមមានការអភិវឌ្ឍន៍ និងរីកចម្រើននោះទេ ទោះបីលទ្ធផលបញ្ចប់ដោយបែបណាក៏ដោយ។

គួររំលឹកដែរថា មកទល់ពេលនេះក្រោមការដឹកនាំរបស់អ្នកចាត់ការ Keisuke Honda និងលោក Felix Dalmas កម្ពុជាបានឆ្លងកាត់ការប្រកួតចំនួន ៨ប្រកួត សម្រាប់ក្រុមជម្រើសជាតិឈុតធំ ក្នុងនោះឈ្នះតែ១ប្រកួត ស្មើ១ប្រកួត និងចាញ់៦ប្រកួត ខណៈឈុតយុវជនអាយុក្រោម២២ និង២៣ឆ្នាំ វិញគឺមានលទ្ធផលដូចជា U-22 ឈ្នះ២ ស្មើ១ ( ចាញ់ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ) និងចាញ់២ ក្នុងចំណោម ៥ប្រកួត ស្របពេលដែល U-23 ចាញ់ទាំង ២ប្រកួតក្នុងចំណោម ២ប្រកួត។

ភារកិច្ចចុងក្រោយមុននឹងរំសាយក្រុមក្រោយចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ ក្រុម U-23 កម្ពុជា និងត្រូវប្រកួតជាមួយ U-23 ឆាយនីសតៃប៊ិ ក្នុងជំនួបបង្រ្គប់កិច្ចនៃពាន ( 2020 AFC U-23 Championship qualification ) វគ្គជម្រុះប្រចាំពូល H នៅថ្ងៃទី២៦ ខែមីនា ខាងមុខ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់