អ្នកគាំទ្រថយចុះជាងពាក់កណ្ដាល បើធៀបទៅនឹងប្រកួតដំបូងក្នុងពានរង្វាន់តែមួយ កាលពីឆ្នាំ២០១៧

មាស សុផាណារ៉ុង March 24, 2019


 

ភ្នំពេញ៖ កម្ពុជា ដែលទទួលបានសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះប្រចាំពូល H ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) នៅក្នុងប្រកួតបើកឆាក ត្រូវបានកត់សម្គាល់ឃើញថាចំនួនអ្នកគាំទ្រមានការថយចុះជាងពាក់កណ្ដាល បើធៀបទៅនឹងប្រកួតដដែលក្នុងពានរង្វាន់តែមួយ កាលពីឆ្នាំ២០១៧។

កាលពីឆ្នាំ២០១៧ កម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះដូចគ្នានេះ ( 2018 AFC U-23 Championship qualification ) ដោយរួមពូល J ជាមួយ U23 ចិន , ជប៉ុន និងហ្វីលីពីន។ 

ជាការចាប់អារម្មណ៍ ការប្រកួតកាលពីឆ្នាំ២០១៧ ក្នុងជំនួបបើកឆាកដូចគ្នានេះ ដោយ U-23 កម្ពុជា ពេលនោះប៉ះជាមួយ U-23 ចិន គឺមានចំនួនអ្នកគាំទ្រគួរឲ្យកត់សម្គាល់ ពោលគឺប្រមាណ ៧,៣២៦ នាក់នេះបើយោងតាមទិន្នន័យដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។ ដោយឡែកខណៈឆ្នាំ២០១៩ នេះវិញដែលកម្ពុជា ទទួលបានសិទ្ធិជាថ្មីរៀបចំធ្វើម្ចាស់ផ្ទះ ចំនួនអ្នកគាំទ្រនៅប្រកួតដំបូង ទល់នឹង U-23 អូស្ត្រាលី គឺមានការថយចុះជាងពាក់កណ្ដាល ពោលគឺមានចំនួនអ្នកទស្សនាត្រឹមតែ ៣,១១៨ នាក់ប៉ុណ្ណោះ បើធៀបទៅនឹងការប្រកួតដំបូងដូចគ្នា កាលពីឆ្នាំ២០១៧។

អ្នកគាំទ្រក្នុងជំនួបរវាង U-23 អូស្ត្រាលី ជាមួយ U-23 កម្ពុជា

ក្រៅពីកំណត់ត្រាប្រកួតដំបូង ប្រកួតទី២ ក្នុងពានរង្វាន់ដដែលខាងលើកាលពីឆ្នាំ២០១៧ រវាងកម្ពុជា ជាមួយ ជប៉ុន គឺមានចំនួនអ្នកទស្សនាប្រមាណ ១៥,៨២៥ នាក់ និងប្រកួតចុងក្រោយរវាងកម្ពុជា ជាមួយហ្វីលីពីន មានអ្នកទស្សនា ១៧,២៨២ នាក់ នេះបើយោងតាមទិន្នន័យតែមួយដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។

សូមបញ្ជាក់ទៀតផងដែរថា នៅម៉ោង ៨:០០ យប់នេះ U-23 កម្ពុជា នឹងត្រូវតតាំងជាមួយ U-23 កូរ៉េខាងត្បូង  ក្នុងជំនួបទី២ ប្រចាំពូលនៃពានរង្វាន់ដដែល ធ្វើឡើងនៅលើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់