លោក Felix ថានឹងប្រើវិធីសាស្ត្រដដែលក្នុងការប្រកួតជាមួយ កូរ៉េខាងត្បូង យប់នេះ

មាស សុផាណារ៉ុង March 24, 2019


 

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានបញ្ជាក់ថានឹងប្រើវិធីសាស្ត្រដដែល សម្រាប់ជំនួបរវាងកម្ពុជា ទល់នឹងកូរ៉េខាងត្បូង យប់នេះក្នុងជំនួបទី២ ប្រចាំពូល H នៃពានពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification )

ក្នុងបន្ទប់សន្និសីទសារព័ត៌មានក្រោយការរងបរាជ័យប្រកួតដំបូងក្រោមថ្វីជើងអូស្ត្រាលី លោក Felix ក៏បានលើកឡើងសម្រាប់ការប្រកួតទល់នឹង កូរ៉េខាងត្បូង ផងដែរថា៖ «ការប្រកួតទល់នឹងកូរ៉េខាងត្បូង យើងនឹងប្រើវិធីសាស្ត្រដដែល ពិតណាស់កីឡាករជាច្រើនមានការនឿយហត់ ប៉ុន្តែនៅតែដដែល គឺដើម្បីបន្តការរីកចម្រើន យើងមានកីឡាករ២៣នាក់នៅក្នុងក្រុម ហើយយើងនឹងប្រើវិធីសាស្ត្រដើម្បីព្យាយាមរកជ័យជម្នះ។»

នៅពេលដែលចោទសួរថា តើនឹងមានការផ្លាស់ប្ដូរសមាសភាពកីឡាករដូចដែលធ្លាប់បានធ្វើកាលពីព្រឹត្តិការណ៍កន្លងមក ឬយ៉ាងណា? គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលរូបនេះ បានបន្តថា លោកសុំមិនបង្ហើបឡើយ តែសុំឲ្យបន្តរង់ចាំមើល និងចង់អ្នកគាំទ្របន្តគាំទ្រកីឡាករទាំងអស់។

សូមបញ្ជាក់ថា កម្ពុជា នឹងត្រូវតតាំងជាមួយ កូរ៉េខាងត្បូង នៅយប់ម៉ោង ៨:០០ នាទីនេះ ក្នុងជំនួបទី២ ប្រចាំពូលនៃពានរង្វាន់ដដែល ខណៈការប្រកួតនេះបើសិនជាកម្ពុជា បន្តភ្លាត់ចាញ់ នោះឱកាសដើម្បីឡើងទៅជុំបន្តនឹងត្រូវបញ្ចប់ត្រឹមនេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់