Felix ប្រាប់ពីភាពខុសគ្នារបស់កូនក្រុមក្នុងការលេងនៅវគ្គទី១ និងវគ្គទី២ នាជំនួបចាញ់អូស្ត្រាលីម្សិលមិញ

មាស សុផាណារ៉ុង March 23, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ កាលពីយប់ថ្ងៃទី២២ ម្សិលមិញបានរងបរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិអូស្ត្រាលី អាយុក្រោម២៣ឆ្នាំ ដោយលទ្ធផល ៦ទល់០ ក្នុងជំនួបដំបូងនៃព្រឹត្តិការណ៍ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះប្រចាំពូល H ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification )។

ទទួលលទ្ធផលចាញ់មែនពិត ប៉ុន្តែបើនិយាយពីការប្រកួត ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានធ្វើបានល្អច្រើននៅវគ្គទី២ ដោយសារវគ្គទី១ ការគ្រប់គ្រងបាល់គឺនៅខាងអូស្ត្រាលី ស្ទើរតែ ៨០ភាគរយ និងរបូតគ្រាប់បាល់ដល់ទៅ ៤គ្រាប់ ស្របពេលដែលវគ្គទី២ U-23 កម្ពុជា មានឱកាសគ្រប់គ្រងបាល់ខ្លះៗ មានឱកាសទាត់សំដៅទីអូស្ត្រាលី និងរបូតគ្រាប់តែ ២គ្រាប់។

ភាពផ្លាស់ប្ដូរបែបនេះ Felix Gonzalez Dalmas ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានបង្ហើបពីមូលហេតុដោយលើកយកយុទ្ធសាស្ត្រផ្លូវចិត្តនៅក្រោយចប់វគ្គទី១។​លោកបានបង្ហើបថា៖ «នៅវគ្គទី២ យើងមានបាល់លេងច្រើន ដូច្នេះពិតណាស់ ភាពខុសប្លែកគ្នានេះគឺដោយសារការធ្វើឲ្យពួកគេមានភាពក្លាហាន យើងលើកទឹកចិត្តឲ្យពួកគេមានភាពក្លាហានក្នុងការលេង នៅពេលដែលយើងមានភាពក្លាហានក្នុងការលេង នោះយើងនឹងមានទំនុកចិត្តលើខ្លួនឯង ហើយបានបង្ហាញថាយើងបានធ្វើវាដូចដែលយើងអាចធ្វើទៅបាន ក្រុមនេះដូចដែលខ្ញុំនិយាយពីមុនមក គឺពោរពេញទៅដោយទឹកចិត្ត និងក្ដីមោទកភាព ដូច្នេះជាមួយទឹកចិត្ត និងក្ដីមោទកភាព ធ្វើឲ្យពួកគេប្រជែងបាល់មកវិញ ព្យាយាមប្រជែង និងមិនបោះបង់ បើទោះបីជាត្រូវគេនាំមុខ ៤ទល់០ ពួកគេនៅតែព្យាយាមដើម្បីលេងក្នុងនាមជាអ្នកតំណាងឲ្យកម្ពុជា ដូច្នេះពួកគេព្យាយាមដណ្ដើមស្ទើរតែគ្រប់ការគ្រប់គ្រងបាល់របស់អូស្ត្រាលី។»

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ដដែលរូបនេះក៏បានបន្តទៀតផងដែរថា លោកពេញចិត្តជាមួយនឹងលទ្ធផល ដែលកូនក្រុមបានបង្ហាញនូវទឹកចិត្តរបស់ពួកគេ មិនមែនតែភាពក្លាហានមួយមុខ ប៉ុន្តែគឺការបង្ហាញនូវ ទឹកចិត្ត។

សូមរំលឹកថា ប្រកួតបន្ទាប់ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងត្រូវប៉ះ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងអាយុក្រោម២៣ឆ្នាំ ពោលគឺនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ នាទីយប់ដដែល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់